(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវជាសាធារណៈទៅដល់ប្រទេសមហាអំណាចអាមេរិក និងកូរ៉េខាងជើង បោះចោលការបង្កាត់ភ្លើងសង្រ្កាម តែងាកមកចរចាគ្នាវិញ។ សម្តេចតេជោបានបន្តថា ការផ្ទុះអាវុធដាក់គ្នា, ការបង្កសង្រ្គាមដាក់គ្នា គឺគ្មានអ្វីចំណេញនោះទេ ផ្ទុយទៅវិញ ការធ្វើបែបនេះគឺមានតែបង្កឲ្យប្រជាពលរដ្ឋ ប្រទេសទាំងពីរភាគីខាតបង់ និងមានចលាចលថែមទៀត ជាពិសេសបើប្រទេសមហាអំណាច អាមេរិក និងកូរ៉េខាងជើង ផ្ទុះសង្រ្គាមអាវុធមែននោះ បណ្តាប្រទេស នៅជុំវិញពិភពលោកជាច្រើនទៀត ក៏ទទួលឥទ្ធិពលអវិជ្ជមានដូចគ្នាដែរ។
ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងខណៈដែលសម្តេចបានអញ្ជើញចូលរួមនៅក្នុង ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកាពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាទាំងសហរដ្ឋអាមរិក ទាំងកូរ៉េខាងជើង មិនគួរគំរាមគ្នាទៅវិញទៅមកនោះទេ ដូច្នេះវាបង្កឲ្យមានការភ័យខ្លាចដល់ប្រជាជន នៅក្នុងឧបទ្វីបកូរ៉េផង និងក្នុងតំបន់អាមេរិកផង ការគម្រាមគំហែងដែលប្រើប្រាស់ទាំងអាវុធនុយក្លែអ៊ែ ទាំងមុននុយក្លែអ៊ែ គឺសុទ្ធតែជាការបំភិតបំភ័យ ទៅដល់ពិភពលោកឈានទៅដល់ការបំផ្លាញពិភពលោក លទ្ធផលចុងក្រោយមានតែអ្នកចាញ់ប៉ុណ្ណោះ ខ្ញុំសង្ឃឹមថា ប្រទេសមហាអំណាចនុយក្លែអ៊ែ ហើយកំពុងតែបំពួនសាច់ដុំដាក់គ្នា ជាម៉ែគ្រាប់បែក ជាឱគ្រាប់បែក ត្រូវបាន គួប្បី ត្រូវបានគិតគូរឡើងវិញ ពីជម្រើសនយោបាយផ្សេងៗគ្នា ជៀសជាងជម្រើសនៃការប្រើប្រាស់អាវុធ និងការគំរាមគំហែង ដូច្នេះជឿជាក់ថា សូម្បីតែកម្ពុជា ក៏ត្រូវគិតគូរខ្លួនឯង និងពលករ កំពុងធ្វើការនៅប្រទេសកូរ៉េ។ ខ្ញុំមិនបានប្រដៅ ចំពោះប្រធានាធិបតី ឬមេដឹកនាំនៃប្រទេសផ្សេងនោះទេ ក៏ប៉ុន្តែសំដីរបស់អស់ លោកអ្នកបានធ្វើឲ្យប៉ះទង្គិច ដល់ បណ្តាប្រទេសមួយចំនួនទៀត សង្រ្គាមវាបំផ្លាញគ្រប់យ៉ាង»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងកូរ៉េខាងជើង និងអាមេរិក នៅតែកើនឡើងកម្តៅដដែលនោះតែគេជឿជាក់ថា ថ្នាក់ដឹកនាំប្រទេសទាំងពីរ អាចនឹងងាកមករក ការចរចាជាមួយគ្នានៅថ្ងៃណាមួយជាក់ជាមិនខាន៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖