(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជុំវិញខេត្ត រួមទាំងក្រុមគ្រូពេទ្យខេត្តមណ្ឌលគិរី ចុះទៅព្យាបាលជម្ងឺជូន ប្រជាពលរដ្ឋក្នុងស្រុកកោះញែក គ្រាដែលបងប្អូនប្រជាពលរដ្ឋ នៅភូមិណងបួរទាំងមូល កំពុងផ្ទុះឡើងនូវជម្ងឺស្ទើរ ពេញមួយមួយភូមិ។
អភិបាលខេត្តមណ្ឌលគិរី បានថ្លែងឲ្យដឹង នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ថា ទោះបីជាថ្ងៃសម្រាករបស់មន្រ្តីរាជការ និងបងប្អូនកម្មករ-កម្មការិនី ដែលបម្រើការងារពេញមួយសប្តាហ៍ ប៉ុន្តែនៅពេលដែលបងប្អូន ប្រជាពលរដ្ឋជាច្រើន កំពុងមានទុក្ខ និងជំងឺផងនោះ ក្នុងនាមរូបលោកផ្ទាល់
បានធ្វើការបំផុសដល់មន្រ្តីជុំវិញខេត្ត រួមទាំងក្រុមគ្រូពេទ្យ បាននាំយកថ្នាំពេទ្យ ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ដោយឥតគិតថ្លៃ ដល់គ្រួសារជិត២០០គ្រួសារ ដែលមានប្រជាពលរដ្ឋនៅភូមិណងបួរ ឃុំណងឃីលឹក ស្រុកកោះញែក ចាស់ ក្មេង ប្រមាណ៤០០នាក់ និងបន្តឲ្យក្រុមគ្រូពេទ្យសម្រាកនៅទីនោះ ដើម្បីបន្តការពិនិត្យ និងព្យាបាលជូនអ្នកជំងឺរហូតគ្រប់ចំនួនអ្នកជំងឺ។
លោក ហៀក សុផាន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ចំនួនអ្នកជំងឺដែលបានមាននៅក្នុងភូមិខាងលើនោះ ក្នុងចំណោម១៨៨គ្រួសារ ក្នុងនោះមានគ្រួសារដែលកើតជំងឺផ្តាសសាយធំ ជិត១០០គ្រួសារ។
តែទោះជាយ៉ាងណាក៏ដោយ អង្គភាព Fresh News មិនអាចសុំការបំភ្លឺ ពីលោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តបានទេ ជុំវិញករណីមានផ្ទុះ
ឡើងនូវជំងឺនេះបានទេ ដោយសារនៅមូលដ្ឋាននោះដាច់ស្រយ៉ាលពេក៕់