(ភ្នំពេញ)៖ បុរសជាមេការសំណង់ម្នាក់ ត្រូវបានក្រុមជនសង្ស័យ៣នាក់ ដែលស្នាក់នៅផ្ទះជួលក្បែរគ្នា ស្ទាក់កាប់ជាច្រើនកាំបិត នៅមុខបន្ទប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នៅសល់តែដង្ហើមចង្រិត ត្រូវបានបងប្អូនដឹងយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ កាលម៉ែតភ្លាមៗ បន្ទាប់ពីពួកគេ បានទាក់ពាក្យសំដីគ្នា កាលពីប៉ុន្មានថ្ងៃមុន។
ករណីហិង្សដោយចេតនាខាងលើ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចប្លុក បុរីសូឡាផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាយប៉ុស្តិ៍ស្តីទីនគរបាលចោមចៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណែម ឌៀ អាយុ៣២ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅភូមិ ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
នាយប៉ុស្តិ៍ស្តីទីដដែលបានបន្តថា ដំណើររឿងនៅមុនកើតហេតុ ជនរងគ្រោះ និងជនសង្ស័យកាលពីប៉ុន្មានថ្ងៃមុន ប្រហែល២ទៅ៣ថ្ងៃ ទៅហើយ ពួកគេធ្លាប់ត្រូវបានទាស់ និងទាក់ពាក្យសំដីគ្នា លុះមកដល់ម៉ោងថ្ងៃកើតហេតុខាងលើ ជនរងគ្រោះនិងមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូចេញពីបន្ទប់ជួលកន្លែងកើតហេតុ ដើម្បីទៅទិញទឹកត្នោតជូរ នៅក្បែរស្រះព្រះទន្លេ រួចហើយត្រឡប់មកបន្ទប់វិញក៏ត្រូវជន សង្ស័យមានគ្នា៣នាក់ ទាញ់ដាវ១ដើម កាប់ទៅលើជនរងគ្រោះ៣កាំបិត បណ្តាលឲ្យរបួសធ្ងន់៣កន្លែងចំ ចំហៀងមុខខាងឆ្វេង ក្បាលនិងដៃធ្ងន់ធ្ងរ នៅសល់តែដង្ហើមចង្រិត ក៏ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះអាយុជីវិតជាបន្ទាន់ នៅមន្ទីរពេទ្យកាលម៉ែត។
ក្រោយពីបង្កហេតុរួចមក ក្រុមជនសង្ស័យ បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ បងប្អូនជនរងគ្រោះក៏បានមក ដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនដៃដល់និងបក្សពួក មកចាត់ការតាមផ្លូវច្បាប់៕