(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះផ្សព្វផ្សាយជូនដំណឹងពី ការធ្វើអត្តសញ្ញាណកម្មដី ក្នុងការអនុវត្តគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) លើផ្ទៃដីចំនួន ២,៩២២ហិចតា ស្ថិតនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ជូនប្រជាពលរដ្ឋ ៥១០គ្រួសារ មុនធ្វើការកាត់ជូនប្រជាពលរដ្ឋទាំងនោះ។

នាឱកាសនោះ លោក សុខ លូ បានលើកឡើងថា គម្រោង LASED II នេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលបដិភាគជាមួយដៃគូរអភិវឌ្ឍន៍ គឺធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០២២ សម្រាប់បែងចែកដីជូនប្រជាពលរដ្ឋដែលខ្វះដី និងមានដីតិចតួច សម្រាប់បង្កបង្កើនផលកសិកម្មជាលក្ខណៈគ្រួសារ រួចមទំាងផ្តល់នូវសម្ភារៈសម្រាប់សាងសង់លំនៅដ្ឋានចំនួន ៧០០គ្រួសារ និងជួយសាងសងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា សាលារៀន ផ្ទះសម្រាប់គ្រូស្នាក់នៅ សម្ភារកសិកម្ម សម្ភារលំនៅឋាន សាងសង់ជម្រកជូនគ្រួសារទទួលបានដីសម្បទាន រៀបចំបោះបង្គោលព្រំដី រៀបចំដីកសិកម្ម និងផ្តល់គ្រាប់ពូជ ធ្វើផ្លូវក្រាលគ្រួសក្រហម និងផ្លូវប្រវែង២៩គីឡូម៉ែត្រ ទំនប់ទឹកខ្នាតតូច ប៉ុស្តិ៍សុខភាព ផ្ទាំងប៉ានណូ (ទីតំាងដីសម្បទាន) អណ្តូងស្នប់ចំនួន ៥០អណ្តូង និងអគារសហគមន៍ ១ខ្នង់។

លក្ខខណ្ឌចំពោះអ្នកដែលទទួលបានដីសម្បទានសង្គមកិច្ចនេះ នឹងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ លុះត្រាតែប្រជាពលរដ្ឋទំាងនោះចូលទៅរស់នៅ និងអាស្រ័យផលលើដីនោះ មានរយៈពេល៥ឆ្នាំឡើង។

លោកអភិបាលខេត្ត សុខ លូ បានសំណូមពរដល់ប្រជាពលរដ្ឋទំាងអស់ មិនឲ្យលក់ដូដីនេះទេ ព្រោះវាជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្នុងនាមអាជ្ញាធរមិនធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់ ក្តៅក្រហាយឡើយ ហើយគណបក្សប្រជាកម្ពុជា និយាយពិត ធ្វើពិត មិនដែលសន្យាខ្យល់នោះទេ មិនដូចបក្សមួយចំនួនដែលតែងតែនិយាយភូតកុហកប្រជាពលរដ្ឋ ហើយអ្នកថាមិនងាយស្រួលដូចអ្នកធ្វើនោះទេ និងជួយគាំទ្រដល់ប្រមុខរាជរដ្ឋាភិបាលបានដឹកនាំប្រទេសជាតិ ដើម្បីរក្សាសុខសន្តិភាព សុវត្ថិភាព ជានិរន្តបន្តទៀត៕