(កំពត)៖ អតីតតំណាងរាស្តគណបក្សសង្គ្រោះជាតិ លោក វ៉ាន សំអឿន បច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី នៅអាណត្តិក្រោយទៀត។
ការអំពាវនាវរបស់លោក វ៉ាន សំអឿន ធ្វើឡើងក្នុងកិច្ចចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១០០នាក់ នៅភូមិច្រកកែស ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមពី លោក សល់ មករា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោក ម៉ាង ឆៃណាំ ទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
ក្នុងពិធីសំណេះសំណាលនេះ លោក វ៉ាន សំអឿន បានសួរសុខទុក្ខប្រជាពលរដ្ឋ និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ជូនប្រជាពលរដ្ឋពីចម្ងាយផង ហើយបានបន្តថា សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើកំណែទម្រង់ជាច្រើនដើម្បីប្រជាពលរដ្ឋ ដូចជា ជំរុញឲ្យអាជ្ញាធរផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿនដោយគិតថ្លៃ ដំឡើងប្រាក់ខែជូនមន្រ្តីរាជការ ដំឡើងប្រាក់ខែជូនកម្មករ បញ្ចុះតម្លៃអគ្គិសនី សម្រួលភាពស្របច្បាប់ជូនពលករនៅក្រៅប្រទេស ស្វែងរកទីផ្សារកសិកម្មជូនប្រជាពលរដ្ឋ។
លោកបន្ថែមថា សម្តេចតេជោ គឺជាវីរបុរសកម្ពុជា ដែលបានសង្រ្គោះជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កសាងសន្តិភាព និងអភិវឌ្ឍប្រទេសជាតិចាប់តាំងពីបាតដៃទទេរ រហូតរីកចម្រើនលើគ្រប់វិស័យ មានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ រីឯលោក សម រង្សី និងលោក កឹម សុខា ព្រមទាំងតំណាងរាស្រ្តបក្សសង្រ្គោះជាតិ គ្មានសមត្ថភាពដឹកនាំប្រទេសជាតិទេ ព្រោះបានតែទ្រឹស្តី ប្រើនយោបាយបោកប្រាស់ប្រជាជនប៉ុណ្ណោះ ចំពោះការអនុវត្តវិញគ្មានឡើយ។
ចំពោះការឃោសនាបោកប្រាស់របស់បក្សប្រឆាំង មានដូចជា «បើឈ្នះឆ្នោតនឹងលុបបំណុលដែលប្រជាពលរដ្ឋជំពាក់គ្រឹះស្ថានហិរញ្ញវត្ថុចោល» ជួបប្រជាពលរដ្ឋនៅស្រុកស្រែអតីតមេបក្សថា ស្រូវថោក ដល់ពេលមកដល់ទីក្រុងបែរជាថាអង្ករថ្លៃទៅវិញ សន្យាជូនចាស់ៗម្នាក់ ៤០,០០០រៀល រៃអង្គាសលុយបង្កើតទូរទស្សន៍ព្រះអាទិត្យជាដើម។
អតីតមេបក្សសង្គ្រោះជាតិ លោក សម រង្សី មិនត្រឹមតែមិនស្រលាញ់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើសកម្មភាពបំផ្លាញជាតិថែមទៀតផង ដូចជា ដឹកនាំធ្វើបាតុកម្មធ្វើឲ្យរាំងស្ទះការរីកចម្រើនរបស់ជាតិ ដើរញុះញង់ឱ្យសហគមន៍អឺរុប ផ្តាច់ជំនួយមិនឱ្យជួយខ្មែរ ដើរសំអុយជាតិសាសន៍ និងញុះញង់មិនឱ្យបរទេសទិញសម្លៀកបំពាក់ផលិតនៅស្រុកខ្មែរថែមទៀតផង។
លោក វ៉ាន សំអឿន បានបញ្ជាក់ប្រាប់ពលរដ្ឋក្នុងឱកាសនេះដែរថា មូលហេតុដែលលោកបានចាកចេញពីគណបក្សប្រឆាំង ដោយសារតែឃើញសម្តេចតេជោខិតខំដឹកនាំ អភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនយ៉ាងខ្លាំង លើសពីនេះទៀត សម្តេចតែងតែយកចិត្តទុក្ខដាក់ ដល់សុខទុក្ខប្រជាជនជានិច្ច ដែលផ្ទុយពីបក្សប្រឆាំងដែលពុំមានធនធានមនុស្សគ្រប់គ្រាន់ គ្មានគោលការណ៍ច្បាស់លាស់ ប្រើនយោបាយបោកប្រាស់ និងសន្យាខ្យល់ជាធំ។
លោក វ៉ាន សំអឿន បានអំពាវនាវឲ្យប្រជាពលរដ្ឋ អតីសកម្មជនបក្សសង្គ្រោះជាតិ ចំនួន១៥រូប ដែលបានសុំមករួមរស់ជាមួយ CPP តាមរយៈរូបលោក តាំងពីឆ្នាំ២០១៥ កន្លងទៅនោះ ធ្វើយ៉ាងណាបន្តណែនាំដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ឬគណបក្សឲ្យយល់ច្បាស់ និងដើរតាមគណបក្សប្រជាជន។
លោកបានជំរុញឲ្យមេភូមិ មេឃុំ និងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ឲ្យផ្តល់សេវាសាធារណៈឲ្យបានលឿន និងជួយដោះស្រាយរាល់ទុក្ខលំបាក ឬបញ្ហាផ្សេងៗដែលប្រជាពលរដ្ឋជួបប្រទះ ហើយលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៅអាណត្តិក្រោយទៀត ព្រោះមានតែសម្តេចតេជោទេ ទើបមានសមត្ថភាពដឹកនាំប្រទេស រក្សាបាននូវសុខសន្តិភាព និងបង្កើនការអភិវឌ្ឍប្រទេសឈានទៅមុខបានលឿន៕