(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ លោក ស សុខា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោកស្រី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសម៉ាឡេស៊ី ចុះទៅពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូនខ្មែរឥស្លាម នៅបន្ទាយមានជ័យ ដើម្បីចូលរួមកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ។
លោក សែម គន្ធា ជំនួយការផ្ទាល់លោក ស សុខា បានថ្លែងថា «ថ្ងៃនេះ ក្រុមគ្រូពេទ្យរបស់ម៉ាឡេស៊ី បានចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនខ្មែរឥស្លាមនៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាង២០០នាក់»។
នៅក្នុងឱកាសនោះ លោក ស សុខា បានរម្លឹកដល់បងប្អូនខ្មែរឥស្លាម ដែលត្រូវបានព្រះបរមរតនកោដិ សម្តេចតារបស់យើង បានប្រោសប្រទានសញ្ជាតិជាខ្មែរឥស្លាមរហូតមកដល់ពេលនេះ។ តែមកដល់សម័យ ប៉ុល ពត បងប្អូនខ្មែរឥស្លាម ត្រូវរងការប្រមាថយ៉ាងធ្ងន់ធ្ងរ ដូចជា តមសាច់ជ្រូក តែក្រុមប៉ុលពតបង្ខំឲ្យបរិភោគសាច់ជ្រូកជាដើម។
លោកថា «មកដល់ពេលនេះ បងប្អូនមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសាសនា និងសិទ្ធិសេរីភាពជាពលរដ្ឋសំខាន់ៗជាច្រើនទៀត ក្រៅពីការរស់នៅ ប្រកបមុខរបរ អភិវឌ្ឍគ្រួសារ ដោយគ្មានការភិតភ័យ»៕