(ភ្នំពេញ)៖ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មការសហប្រតិបត្តិការ អន្តរជាតិ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រទេសកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចប្រជាពលរដ្ឋមួយចំនួន ប្រើប្រាស់កញ្ឆា ខណៈបណ្ដាប្រទេសមួយចំនួន លើពិភពលោកអនុញ្ញាឲ្យពលរដ្ឋខ្លួន ប្រើប្រាស់ប្រភេទសារធារតុញៀននេះ។ លោកបានបញ្ជាក់ថា «នៅពេលនេះពិភពលោក បានទទួលស្គាល់កញ្ឆាជាគ្រឿងញៀនស្របច្បាប់»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ កម្ពុជាបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាន់ខ្ពស់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងមហាអនុតំបន់ទន្លេមេគង្គ នៅសណ្ឋាគា ឡឺរ៉ូយ៉ាល រាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនេះ លោក កៅ ខុនដារ៉ា បានថ្លែងថា «នៅប្រទេសមួយចំនួនគេ ទទួលស្គាល់កញ្ឆាគេអនុញ្ញាតឲ្យជនរងគ្រោះ អាចប្រើកញ្ឆាឡើងវិញបាន តាមអ្វីដែលជាវិជ្ជៈបញ្ជាររបស់វេជ្ជបណ្ឌិត ក៏ប៉ុន្តែដោយកម្ពុជាយើង យើងអត់មានពាក់ព័ន្ធបញ្ហានេះទេ គ្រាន់តែថា យើងព្រួយបារម្ភ យើងខំបំបិទ យើងខំបង្ក្រាបនៅកម្ពុជាយើង ក៏ប៉ុន្តែពីមុនកញ្ឆាអត់មានទីផ្សារ នៅលើសកលលោកទេ  ប៉ុន្តែឥឡូវនេះ បណ្ដាប្រទេសមួយចំនួន គេអនុញ្ញាតឲ្យប្រើកញ្ឆា»

ព្រមជាមួយគ្នានេះផងដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងកាត់ព្រំដែន បច្ចុប្បន្នបាននឹងកំពុងបន្ដ ការគំរាមកំហែងដល់ សុខមាលភាព  ប្រជាជន សន្ដិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍសង្គមជាតិ នៃបណ្ដាប្រទេសមួយចំនួនទៀត ក្នុងនោះមានកម្ពុជាផងដែរ។

លោកបន្ដទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សភាពការណ៍គ្រឿងញៀន ក្នុងតំបន់ និងពិភពលោក បានបង្ហាញឲ្យឃើញថា ការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ពុំមានសញ្ញានៃការថយចុះឡើយ។

លោក កៅ ខុនដារ៉ា បានបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាបាននឹងកំពុងមមាញឹក ក្នុងការអនុវត្ដយ៉ាងសកម្ម នូវយុទ្ធការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយគ្រាន់តែរយៈពេល៣ខែ កម្ពុជាបានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២.៦៧៧ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ៦.១៣២ នាក់ ចាប់យកគ្រឿងញៀនគ្រប់ប្រភេទ បានចំនួន ៣៦ គីឡូក្រាម៕