(ស្វាយរៀង)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស។

ពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ មានការចូលរួមពីលោកស្នងការ ស្នងការរង បច្ចេកទេស សន្តិសុខ មេបញ្ជការ-មេបញ្ជាការរង ប្រធានមន្ទីរយុត្តិធម៌ ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ នាយការិយាល័យប្រតិបត្តិការ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋាន អាវុធហត្ថក្រុង-ស្រុក នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង និងនាយអាវុធហត្ថជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ សែ វុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា៖ ចំពោះបញ្ហាការពារសន្តិសុខ សណ្តាប់ធ្នាប់តាមមូលដ្ឋាន គឺកម្លាំងអាវុធហត្ថបានចូលរួមយ៉ាងសកម្ម ការពារជូនប្រជាពលរដ្ឋអនុវត្តតាមផែនការ ថ្នាក់ដឹកនាំទទួលបានលទ្ធផលធំធេងផងដែរ។ ក្រៅពីការងារខាងលើអង្គភាព​អាវុធហត្ថខេត្តក៏បន្តយន្តការ​ការងារគ្រប់គ្រងបញ្ជា និងបញ្ជាការងារសន្តិសុខ។

លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្នានបច្ចេកទេស សន្តិសុខ បានលើកឡើងពីលទ្ធផលការងារក្រោមការដឹកនាំដោយលោក សែ វុទ្ធី ដែលទទួលបានលទ្ធផលការងារវិជ្ជមានប្រកបដោយស្មារតីទទួលខុសត្រូវលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម បង្ការបង្ក្រាបបទល្មើស ដ៏ដូចជាការបង្ក្រាបបទល្មើសធនធានធម្មជាតិជាដើម។

លោកឧត្តមសេនីយ៍ឯក ហុង វិណុល បានជម្រុញឲ្យកម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀងទាំងអស់ យកចិត្តទុកដាក់លើបញ្ហាបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមរយះការទប់ស្កាត់តាមច្រកព្រំដែន បើទោះជាខេត្តស្វាយរៀង មិនមានព្រៃសម្បទាន តែឈើមួយចំនួនត្រូវបានដឹកឆ្លងកាត់ដូច្នេះត្រូវគិតគូរក្នុងបញ្ហានេះ និងតាមដានពីលទ្ធផលការងារបង្ក្រាបនេះ ឲ្យបានជាប្រចាំ ទន្ទឹមនិងមានភារកិច្ចទទួលខុសត្រូវលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម បញ្ហាសន្តិសុខជាតិ សន្តិសុខសាធារណៈ ពិសេសពីយន្តការគ្រប់គ្រង និងបញ្ជាការងារសន្តិសុខ ដើម្បីធានាឲ្យបាននូវស្ថេរភាពជូនប្រជាពលរដ្ឋ តាមមូលដ្ឋានក្នុងក្របខណ្ឌទូទាំងប្រទេស៕