(ភ្នំពេញ)៖ ប្រទេសកម្ពុជា បាននិងកំពុងបើកកិច្ចប្រជុំថ្នាក់ម្ត្រីជាន់ខ្ពស់ សំដៅពង្រីកទំានាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន ដែលបច្ចុប្បន្ននេះ បាននឹងកំពុងបន្តការគំរាមកំហែង ដល់សុខមាលភាពប្រជាជន សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គមជាតិ នៃបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់ និងពិភពលោក។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគា ឡឺរ៉ូយ៉ាល នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីមេដឹកនាំចិន វៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា និងអង្គការសហប្រជាជាតិ។
សម្រាប់កិច្ចប្រជុំនេះមេដឹកនាំជាន់ខ្ពស់នៃប្រទេសប្រទេសទាំងនោះ ពួនដៃគ្នាពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនទាំងនៅក្នុងតំបន់ និងពិភពលោក។
លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មការសហប្រតិបត្តិការ អន្តរជាតិនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា «ស្របពេលដែលប្រទេសយើង ទាំងអស់កំពុងមានសុខសន្តិភាព ការកសាង និងការអភិវឌ្ឍ៍ប្រទេសឡើង តាមរយៈការធ្វើសកលភាវូបនីយកម្មលើសេដ្ឋកិច្ច និងពាណិជ្ជកម្មចូលក្នុងតំបន់ និងពិភពលោក យើងក៏បានជួបប្រទះនូវការលំបាកស្មុគស្មាញជាច្រើនដូចជា៖ គ្រោះធម្មជាតិ ការគំរាមកំហែង ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួយដូរស្ត្រី និងកុមារ បទល្មើសបរិស្ថាន និងព្រៃឈើ ការលាងលុយកខ្វក់ និងបញ្ហាគ្រឿងញៀនជាដើម»។
ក្នុងឱកាសកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ នៃប្រទេសហត្ថលេខីអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ឆ្នាំ១៩៩៣ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងមហាអនុតំបន់ទន្លេមេគង្គ លោក កៅ ខុនដារ៉ា បានបញ្ជាក់ទៀត «នៅប្រទេសមួយចំនួន គេទទួលស្គាល់កញ្ឆា គេអនុញ្ញាតឲ្យជនរងគ្រោះ អាចប្រើកញ្ឆាឡើងវិញបាន តាមអ្វីដែលជាបញ្ជារបស់វិជ្ជបណ្ឌិត។ ក៏ប៉ុន្តែដោយកម្ពុជាយើង យើងអត់មានពាក់ព័ន្ធបញ្ហានេះទេ គ្រាន់តែថា យើងព្រួយបារម្ភ យើងខំបំបិទ យើងខំបង្ក្រាបនៅកម្ពុជាយើង ក៏ប៉ុន្តែពីមុនកញ្ឆាអត់មានទីផ្សារ នៅលើសកលលោកទេ ប៉ុន្តែឥឡូវនេះ បណ្ដាប្រទេសមួយចំនួន គេអនុញ្ញាតឲ្យប្រើកញ្ឆា»៕