(កំពង់ចាម)៖ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ លោកឧកញ៉ា ឡូវ ហ៊ឹង និងលោក គួច ចំរើន អគ្គនាយករងរដ្ឋបាលស៊ីវិល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ បាននាំយកអំណោយមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋនៅភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងបានស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់ផងដែរ។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងនូវសេចក្តីរាយការណ៍ អំពីស្ថានភាពទូទៅដែលទាក់ទិនទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា ការងារបង្កបង្កើនផលកសិកម្ម បញ្ហាសន្តិសុខស្បៀង និងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងគ្រួសារមួយចំនួនទៀតបានចំណាកស្រុក បន្ទាប់ពីមានការជំពាក់លុយស្ថាប័នមីក្រូហិរញ្ញវត្ថុនិងឯកជន។
លោក គួច ចំរើន បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយសម្រេចបានសមិទ្ធផលធំៗជា ប្រវត្តិសាស្រ្តគឺបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋមានឱកាសកសាងជីវភាពរីកចម្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវត្សដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។
លោក ឡូវ ហ៊ឹង បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងជំរុញឲ្យមន្រ្តីរាជការទាំងអស់ ធ្វើការងារយ៉ាងជិតសិទ្ធជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យការងារមួយចំនួនមានភាពជឿនលឿនទៅមុខ និងជៀសវាងការប្រគល់ភារកិច្ចទៅឲ្យថ្នាក់ក្រោម ធ្វើការអនុវត្តខុសដែលជាមូលហេតុធ្វើ ឲ្យប្រជាពលរដ្ឋធ្វើការវាយតម្លៃខុសទៅលើរាជរដ្ឋាភិបាល។
លោក ឡូវ ហ៊ឹង បានផ្តល់ជូននូវមតិមួយចំនួន ដល់ប្រធានក្រុមប្រឹក្សាឃុំត្រូវរៀបចំ ការប្រជុំប្រចាំខែដោយផ្តោតទៅលើប្រជាជនក្រីក្រ ត្រូវធានាឲ្យបានថា មិនឲ្យប្រជាជនណាលំបាក ឬដាច់បាយស្លាប់ក្នុងភូមិរបស់ខ្លួន។ ក្រុមប្រឹក្សាឃុំត្រូវចុះដល់គ្រួសារក្រីក្រដែលមានភាពលំបាកនៅតាមភូមិនីមួយៗ ដូចជាចូលរួមបុណ្យសព អាពាហ៍ពិពាហ៍ ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដែលបានជួបប្រទះដោយគ្រោះថ្នាក់ដោយចៃដន្យ ត្រូវការសង្រ្គោះបន្ទាន់ ឬស្រ្តីឆ្លងទន្លេ។ ក្រុមប្រឹក្សាឃុំត្រូវមានទំនាក់ទំនងល្អជាមួយវត្តអារាម។ ក្រុមប្រឹក្សាឃុំត្រូវលះបង់អាប្បកិរិយាឆ្មើងឆ្មៃ លះបង់ការប្រកាន់ឫកពារជាអ្នកធំ ដែលជាមូលហេតុធ្វើឲ្យប្រជាជនការអាក់អន់ចិត្ត នឹងត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ពេល និងដោយមិនរើសអើង និងសូមយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងត្រូវរក្សាឲ្យបាន នូវសាមគ្គីភាពដែលជាកក្តាកំណត់នូវជោគជ័យនៅក្នុងការកសាង និងអភិវឌ្ឍន៍ភូមិ ឃុំ មានសុវត្ថិភាព។
អំណោយរបស់លោក ឡូវ ហ៊ឹង បានអញ្ជើញផ្តល់អំណោយដល់ប្រជាពលរដ្ឋនីមួយៗគ្រួសារ រួមមាន សារុង១ ថ្នាំពេទ្យ២កញ្ចប់ ប្រហុក១គីឡូ និងថវិកា៥០០ដុល្លារ សម្រាប់ការងាររដ្ឋលបាលនៅក្នុងឃុំទងត្រឡាច ដោយឡែកលោក គួច ចំរើន បានឧបត្ថម្ភថវិកា ៥០០ដុល្លារទៀត សម្រាប់ការកសាងកុដិនៅក្នុងវត្តទងត្រឡាច។
លោក ឡូវ ហ៊ឹង បានអំពាវនាវឲ្យប្រជាពលរដ្ឋយល់ឲ្យច្បាស់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមែនជារបស់រដ្ឋទេ បងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមកុំចាញ់បោកការញុះញង់ភូតភរកុហកបោកប្រាស់របស់ជនអគតិមួយចំនួន និងយុវវ័យត្រូវចៀសឲ្យឆ្ងាយអំពីការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យបំផ្លាញអនាគត នៅក្នុងការសិក្សា និងគ្រួសាររបស់ផងដែរ៕