(ភ្នំពេញ)៖ ក្រុមកីឡាការ៉ាតេដូកម្ពុជា បានបញ្ចប់បេសកកម្មចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ នៅទីក្រុងស៊ីម៉ារាំង ប្រទេសឥណ្ឌូនេស៊ី ដោយភាពជោគជ័យ បន្ទាប់ពីកីឡាករ-កីឡាការិនីកម្ពុជា ៦រូបដណ្ដើមបានមេដាយ ៦គ្រឿងជូនជាតិ​របស់ខ្លួន ដែលជាសមិទ្ធផលមួយដ៏ល្អ សម្រាប់ដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ដែលនឹងឈានចូលមកដល់ក្នុងខែសីហា ឆ្នាំ២០១៧ខាងមុខ ។

ក្រោយបញ្ចប់បេសកកម្មខាងលើ ក្រុមប្រតិភូ និងក្រុមកីឡាការ៉ាតេដូកម្ពុជា បានវិលត្រឡប់មកដល់ប្រទេសកំណើត​ខ្លួនវិញហើយ នាល្ងាចថ្ងៃទី០៧ ខែឧសភានេះ ។ មិនតែប៉ុណ្ណោះ ក៏មានការរៀបចំកម្មវិធីទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោក សាមីឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា(NOCC) រួមទាំងមន្ដ្រីថ្នាក់ដឹកនាំសហព័ន្ធ និងកីឡាករ-កីឡាការិនីជាច្រើន នៅទីស្នាក់ការ NOCC ផងដែរ ។

លោក សាយ ណូរ៉ា អនុប្រធានខេមរៈសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា បានថ្លែងថា ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ខាងលើ ពិតជាមានការប្រកួតប្រជែងខ្លាំង ដោយសារមានការចូលរួមដល់ទៅ ៧ប្រទេស ។ ប៉ុន្ដែលោកបានចាត់ទុក នេះគឺជាឱកាសក្នុងការបង្កើនសមត្ថភាពដ៏សំខាន់ ដើម្បីធ្វើឲ្យកីឡាករ-កីឡាការិនីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នាពេលឆាប់ៗខាងមុខ ។

ចំពោះកីឡាករទាំង ៦រូប ដែលដណ្ដើមមេដាយជូនជាតិពីព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ រួមមានកីឡាករ កាក់ សីលាបញ្ញា និងកីឡាករ ទេព ស្ទីវយុទ្ធថាណា ដណ្ដើមបានមេដាយប្រាក់ដូចគ្នាលើវិញ្ញាសាប្រយុទ្ធ ។ ចំណែកកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ, ហេ សូផាន់ណារ៉ូ, គីម សុវណ្ណរ៉ា និងកីឡាករ ឆើន ឆេងលីម គឺឈ្នះមេដាយសំរឹទ្ធម្នាក់ ១គ្រឿងលើវិញ្ញាសាប្រយុទ្ធរៀងៗខ្លួន ៕