(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ នឹងអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកា ពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧។
ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧នេះ នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ «កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។ ទិវានេះក៏នឹងមានការអញ្ជើញចូលរួមពីកាកបាទក្រហមអន្តរជាតិ ដៃគូអភិវឌ្ឍន៍ សប្បុរសជនជាតិ-អន្តរជាតិ និងមហាជនសរុប ប្រមាណជា ៤ពាន់នាក់នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
សូមរំលឹកថា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលជាឱកាសសម្រាប់ការចងចាំជានិច្ចខួបកំណើតលោក ហុងរី ឌីណង់ កើតថ្ងៃទី០៨ ឧសភា ឆ្នាំ១៨២៨ ស្ថាបនិកសមាគមជួយសង្រ្គោះអ្នករងគ្រោះ នាឆ្នាំ១៨៦៣៕