(ភ្នំពេញ)៖ ស្របពេលដែលនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ជាខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា, អង្គភាពព័ត៌មាន Fresh News សូមលើកយកមកនូវប្រវត្តិខ្លះរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្ដរជាតិ។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៨៥៩ លើសមរភូមិសុលហ្វេរីណូ (ភាគខាងជើងប្រទេសអ៊ីតាលី) កងទ័ពបារាំង និងអ៊ីតាលី រួមគ្នាវាយប្រយុទ្ធនឹងកងទ័ពអូទ្រឹស ក្នុងរយៈពេលជាង ១៦ម៉ោង បានបណ្ដាលឲ្យមានស្លាប់ និងរបួសជាង ៤ម៉ឺននាក់។
លោក ហង់រី ឌុយណង់ ពាណិជ្ជករជាតិស្វីស បានផ្ដើមគំនិតប្រមូលអ្នកស័្មគ្រចិត្តជួយសង្គ្រោះអ្នករបួសនោះ ដោយពុំមានគិតខាងណាមិត្ត ខាងណាជាសត្រូវឡើយ។ បន្ទាប់ពីព្រឹត្តការណ៍នោះ លោក ហង់រី ឌុយណង់ បានសរសេរសៀវភៅមួយកំណត់ត្រាពីអ្វីៗ ដែលកើតមាននៅសុលហ្វេរីណូ។
នៅឆ្នាំ១៨៩២ លោក ហង់រី ឌុយណង់ បានផ្សព្វផ្សាយសៀវភៅរបស់លោក ដែលមានចំណង់ជើងថា «អនុស្សាវរីយ៍នៅសុលហ្វេរីណូ» ដែលក្នុងនោះ លោកបានផ្ដល់នូវគោលគំនិតសំខាន់២គឺ៖ ១៖ បង្កើតសមាគមជួយសង្គ្រោះនៅប្រទេសស្វីស ហើយនៅតាមប្រទេសនីមួយៗ ក៏ត្រូវបង្កើតឲ្យមាន សមាគមជាតិដែលជួយសង្គ្រោះតាមប្រទេសរៀងៗខ្លួន។ ២៖ បង្កើតឲ្យមានច្បាប់សម្រាប់គោរពការជួយសង្គ្រោះ។
នៅប្រទេសស្វីស ឥស្សរជន៥រូប គឺលោក ហង់ ឌុយណង់, ឧត្តមសេនីយ៍ ហង់រី ឌុយហ្វូរ, ឧត្តមសេនីយ៍ ម៉យនៀ, វេជ្ជបណ្ឌិត ល្វីស អាភា និងវេជ្ជបណ្ឌិត ធីម៉ូណ័រ បាននាំគ្នាបង្កើតឲ្យមាន «សមាគមអន្ដរជាតិសង្គ្រោះអ្នករបួស» នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៨៦៣។ រហូតដល់ឆ្នាំ១៨៦៧ សមាគមនោះក៏ត្រូវបានប្រើឈ្មោះមកជា «គណៈកម្មាធិការ អន្ដរជាតិកាកបាទក្រហម»។
នៅឆ្នាំ១៨៦៣នោះ ជាមួយនឹងការបង្កើតឲ្យមានសមាគមអន្ដរជាតិសង្គ្រោះអ្នករបួស ក៏មានការកំណត់យក បដិរូបកាកបាទក្រហម ជាអត្តសញ្ញាណការពារ និងសម្គាល់សេវាកម្មសង្គ្រោះអ្នករបួស ហើយនៅតាមបណ្ដាប្រទេសនានា ក៏ចាប់ផ្ដើមបង្កើតឲ្យមានសមាគមជាតិ ធ្វើសកម្មភាពផ្ដល់ជំនួយមនុស្សធម៌ជួយអ្នករបួស។
កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌ធំជាងគេនៅក្នុងប្រទេស។ កាកបាទក្រហមកម្ពុជាបច្ចុប្បន្ន ត្រូវបានទទួលស្គាល់ដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០៥០២/១១៣ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០២ ថាជាអ្នកបន្ដវេន សមាគមជាតិកាកបាទក្រហមខ្មែរ ដែលត្រូវបានបង្កើតឡើងដោយមហាសន្និបាតនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ហើយដែលក្នុងតំណាក់កាលនោះ ត្រូបានទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ ៣៧៨/នស ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៥៨។
កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្ដល់ជំនួយសង្គ្រោះ និងធ្វើជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌។
កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ដោយ គណៈកម្មាធិការអន្ដរជាតិកាកបាទក្រហម នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៦០ និងត្រូវបានបញ្ជូល ជាសមាជិកទី៨៥ របស់សហព័ន្ធអន្ដរជាតិនៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៦០។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ នឹងអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកាពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧៕