(ភ្នំពេញ)៖ ​ឆ្លៀតឱកាសឈប់សម្រាក់ពីថ្ងៃធ្វើការងារ នៅថ្ងៃទី០៦-០៧ ខែឧសភា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ សហការីជាច្រើនរូប ​បន្ដចុះត្រួតពិនិត្យការដ្ឋាន ជីកប្រឡាយ កាយផ្លូវ ដាក់លូរំដោះទឹក ដែលក្រុមការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ បានចុះជួយធ្វើជូនតាមសំណូមពរ របស់ប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឆ្លៀតជួប​សំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងសហគមន៍ ចែករទេះរុញជូនដល់ជនពិកា ព្រមទាំងបានចូលរួមក្នុងពិធីបុណ្យសព របស់ប្រជាពលរដ្ឋដែលកំពុងមានទុក្ខ០២គ្រួសារផងដែរ។

កាលពីសប្តាហ៍មុន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចុះត្រួតពិនិត្យសកម្មភាព របស់ក្រុមការងារ ជីកប្រឡាយ កាយផ្លូវ ដាក់លូរំដោះទឹក ជាលទ្ធផលទើបតែសម្រេចបានក្នុងភូមិស្រីស្នំ៨០% ប៉ុណ្ណោះ រំលងបានតែមួយសប្តាហ៍ ក្រុមការងារបានបញ្ចប់ជាស្ថាពរ ក្នុងភូមិស្រីស្នំ បន្តមកធ្វើដល់ភូមិព្រែកកំពឹស និងភូមិដំណាក់សង្កែជិតរួចរាល់ និងត្រៀមចុះទៅធ្វើក្នុងភូមិផ្សេងៗទៀត ក្នុងសង្កាត់ព្រែកកំពឹសទាំងមូល ឲ្យបានរួចមុនរដូវភ្លៀងធ្លាក់មកដល់​។

តាមការឲ្យដឹងពីប្រជាពលរដ្ឋ ​ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់​ថា លូបង្ហូររំដោះទឹក ដែលលោក រ័ត្ន ស៊្រាង ចាត់ឲ្យក្រុមការងារដាក់ជូននៅពេលនេះ គឺមានតម្លៃធំធេងណាស់សម្រាប់សហគមន៍ ព្រោះវាអាចជួយសង្រ្គោះការជន់លិចដល់ទៅ០៣សង្កាត់ ក្នុងខណ្ឌដង្កោ គឺសង្កាត់ព្រែកកំពឹស សង្កាត់ស្ពានថ្ម និងសង្កាត់រលួស។

ពួកគាត់សប្បាយរីករាយជាអនេក ដែលបានជួប បានស្គាល់ បានភ្ជាប់មនោសញ្ចេតនា ធ្វើការជាមួយ​ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ពួកគាត់ចាត់ទុកមេបញ្ជាការរូបនេះ ​ជាមនុស្ស​ដែលមាន គុណធម៌ សីលធម៌ សច្ចៈធម៌ និងមេត្តាធម៌ ជាក់ស្តែងជាងបីឆ្នាំមកហើយ ដែលលោក បានធ្វើសកម្មភាព សប្បុរស មនុស្សធម៌ ជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស និងកន្លែងផ្សេងទៀតក្នុងរាជធានីភ្នំពេញ ដូចដែល​ធ្លាប់បានធ្វើនៅខេត្តបន្ទាយមានជ័យ។

ជាង០៣ឆ្នាំកន្លងមកនេះ ក្នុងសង្កាត់ព្រែកកំពឹស ក្រៅពីការជួយ ជីកប្រឡាយ កាយផ្លូវ ដាក់លូរំដោះទឹក ដែលកំពុងធ្វើជាក់ស្តែង ​ឧត្តមសេនីយ៍ឯក បាននិងកំពុងជួយឧបត្ថម្ភជីវភាពប្រចាំខែ ជូនដល់គ្រួសារទីទាល់ក្រ ជរា ទុគ៌ត ០៥គ្រួសារ នូវអង្ករ ថវិកា គ្រឿងឧបភោគបរិភោគ តាមស្ថានភាពជាក់ស្តែង​, បានជួយជួសជុលផ្ទះទ្រុឌទ្រោម ចំនួន០៣ផ្ទះ ជូនដល់ពលរដ្ឋទីទាល់លំបាក០៣គ្រួសារ ​ហើយលោក តែងតែចូលរួម រំលែកទុក្ខ និងចូលរួមថវិកា២០ម៉ឺនរៀល អង្ករ០២ការ៉ុង ទឹកត្រីទឹកស៊ីអ៊ីវ០២យួរ ទឹកសុទ្ធ០២កេស ក្នុងកម្មវិធីបុណ្យសព គ្រប់គ្រួសារដោយមិនមានការរើសអើង មកទល់ថ្ងៃនេះគឺមាន៤២គ្រួសារ​។

រីឯអ្នកជំងឺដែលទីទាល់ក្រជួបការលំបាក ខ្វះលទ្ធភាពរកពេទ្យព្យាបាល លោកតែងចាត់ឲ្យក្រុមគ្រូពេទ្យ អាវុធហត្ថរាជធានីភ្នំពេញ យកឡានមកទទួលពួកគាត់ទៅមន្ទីរពេទ្យ ដោយលោកជាអ្នករ៉ាប់រងជួយសម្រួល និងចេញថ្លៃព្យាបាលជូនទាំងស្រុង ជាពិសេសអ្នកជម្ងឺដែលឡើងបាយភ្នែក​ពិកា មើលមិនឃើញយូរឆ្នាំ លោកបានទំនាក់ទំនងមន្ទីរពេទ្យ ជូនពួកគាត់ទៅទទួលការវះកាត់ រហូតបានជាសះស្បើយមើលឃើញពន្លឺថ្ងៃវិញ។

លើសពីនេះចំពោះជនពិកាទូទាំងសង្កាត់ព្រែកកំពឹស លោក រ័ត្ន ស្រ៊ាង បានចែករទេះរុញ ជូនដល់ពួកគាត់គ្រប់គ្នា សម្រាប់ជាមធ្យោបាយងាយស្រួលបំលាស់ទី​។ ជាមួយគ្នានោះ ដើម្បីដឹកនាំយុវជន និងប្អូនៗកុមារ ឲ្យងាកមកចាប់អារម្មណ៍លេងកីឡា ជៀសឆ្ងាយពីអំពើរពាលាអាវ៉ាសែផ្សេងៗ និងរួមចំណែកជំរុញលើកស្ទួយវិស័យបាល់ទាត់កម្ពុជា ​ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចែកបាល់ទាត់ចំនួនជាង១០០គ្រាប់ ជូនទៅគ្រប់ភូមិ និងសាលារៀន ព្រមទាំងចែកសម្លៀកបំពាក់កីឡា ឲ្យដល់កុមារដែលមានអាយុចាប់ពី៧ឆ្នាំ ដល់១៧ឆ្នាំ និងសិស្ស និស្សិតមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅដែលកំពុងនៅសិក្សាទាំងអស់ ក្នុងសង្កាត់ព្រែកកំពឹសទាំងមូល ដោយគ្មានការរើសអើង ហើយពួកគេបានទទួលយកសម្លៀកបំពាក់ទាំងនោះ មកស្លៀកពាក់គ្រប់គ្នានៅចំពោះមុខ​​ ដោយពេញចិត្ត និងសប្បាយរីករាយ។ ​

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសន្យាថា ឲ្យតែជាសិស្សនិសិស្សិតក្រីក្រពិតប្រាកដ ដែលរស់នៅក្នុងសង្កាត់ព្រែកកំពឹស ទោះមានប៉ុន្មាននាក់ ក៏ដោយ ក៏លោកនឹងទិញ កង់ កាតាប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប កាបូបប៊ិច ចែកជូនគ្រប់ៗគ្នា។ គ្រប់ពេលដែល លោកឧត្តមសេនីយ៍ ចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ គេសង្កេតឃើញ​តែងតែនាំយកនូវ ការ៉េមនំប៉័ង ចែកជូនពួកគាត់ទាំងក្មេងទាំងចាស់ បរិភោគជាមួយគ្នាក្នុងបរិយាកាស ឱនលំទោន ទន់ភ្លន់ និងស្និតស្នាលកក់ក្តៅ។ រយៈពេល២ថ្ងៃនេះ លោកបានចែកនំប៉័ងអស់២,០០០ដើម និងការ៉េម២,០០០ដើមផងដែរ។

ឧត្តមសេនីយ៍ឯករូបនេះ បញ្ជាក់ថា លោកមិនមានលទ្ធភាពជួយដល់មនុស្ស គ្រប់គ្នាទេ ក៏ប៉ុន្តែអ្នកដែល ជួបការលំបាក ទាល់ច្រក ដែលលោកមើលឃើញជាក់ស្តែង ​មិនដែល រំលងឡើយ ហើយវប្បធម៌នេះ គឺកើតចេញពីទម្លាប់ដែល​តែងតែអនុវត្ត យកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់កូនចៅក្រោមឱវាទផ្ទាល់កន្លងមកផងដែរ៕