(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារនិវត្តន៍ជន អតីតមន្ត្រីរាជការស៊ីវិល ក្រុងពោធិ៍សាត់ ចំនួន៨៣០នាក់។
ពិធីនេះត្រូវបានធ្វើឡើងជាលើកទី៣ នៅលើបុរីវប្បធម៌កោះសំពៅមាស ដោយបានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងបងប្អូនក្រុមគ្រួសារនិវត្តន៍ជន ក្រុងពោធិ៍សាត់ផងដែរ។
លោក ញ៉ឹក សារ៉េត ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានជម្រាបជូនថា គិតត្រឹមខែឧសភា ឆ្នាំ២០១៧នេះ ទូទាំងខេត្តមានមុខសញ្ញានិវត្តន៍ជនចំនួន ១៣៤៦នាក់ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៥៥នាក់ ក្នុងនោះក្រុងពោធិ៍សាត់ ៨៣០នាក់។ ជាទូទៅរៀបច្បង ជាអតីតមន្ត្រីរាជការ រស់នៅជាមួយកូនចៅ និងសាច់ញ្ញាតិ និងមួយចំនួនតូច រស់នៅដោយពឹងផ្អែកលើខ្លួនឯង ទៅតាមកម្លាំងមនុស្សចាស់ គួបផ្សំ និងរបបគោលនយោបាយប្រចាំខែ ដោយបើកប្រាក់បៀរវត្តន៍ តាមរយៈបច្ចេកវិទ្យាATM ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក កែវ រតនៈ និងលោក ម៉ៅ ធនិន បានថ្លែងថា ការជួបជុំគ្នានេះ ធ្វើឡើងដើម្បីបង្កឱកាសជូនរៀមច្បង ជាអតីតមន្រ្តីរាជការស៊ីវិល បានជួបជុំពិភាក្សា សួរសុខទុក្ខ និងសំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យរិតចំណងសាមគ្គីភាព និងមិត្តភាព។ លោកពូ លោកអ៊ុ អ្នកមីង ជារៀបច្បង ពេលនេះចប់ភារកិច្ចក្នុងការបម្រើជាតិ តែទោះជាយ៉ាងណា ក៏មិនត្រូវមានចិត្តអស់សង្ឃឹមដែរ ព្រោះនៅមានការតព្វកិច្ចជួយជ្រោមជ្រែង ទៅដល់យុវជនជំនាន់ក្រោយ។ ថ្នាក់ដឹកនាំទាំង២ បានថ្លែងទៀតថា នេះគឺជាលើកទី៣ហើយ ដែលលោក រួមជាមួយក្រុមការងារ បានជួបសំណេះសំណាលជាមួយបងប្អូនគ្រួសារអតីតមន្ត្រីរាជការស៊ីវិល ក្នុងក្រុងពោធិ៍សាត់ ចំនួន៨៣០នាក់។ ការជួបជុំគ្នានេះ គឺជាការរំលឹកដឹងគុណ អតីតមន្ត្រីរាជការ ដែលបានខិតខំ តស៊ូ អត់ ធ្មត់ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល នៃការរួបរួមសាមគ្គីគ្នា ក្នុងការការពារ និងអភិវឌ្ឍន៏ប្រទេសជាតិ ពិសេសបានកសាងកេរ្តិ៍ដំណែល និងស្នាដៃដ៏មានសារៈសំខាន់ ក្នុងការផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ល្អៗជាច្រើន សម្រាប់មន្ត្រីរាជការជំនាន់ក្រោយ រៀនសូត្រ និងយកទៅអនុវត្តតាម។
ថ្នាក់ដឹកនាំទាំង២ បានក្រើនរំលឹកដល់និវត្តន៍ជនទាំងអស់ ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាល បានខិតខំកសាងបានសមិទ្ធផលជាច្រើន ក្នុងមូលដ្ឋាននានា ដូច្នេះត្រូវតែខិតខំថែរក្សាការពារសមិទ្ធផលនោះ ឲ្យបានគង់វង់យូរអង្វែង ដល់កូនចៅជំនាន់ក្រោយៗទៀត តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
នៅក្នុងពិធីនោះ លោក ម៉ៅ ធនិន និងលោក កែវ រតនៈ រួមជាមួយថ្នាក់ដឹកនាំ បានចែកជូនវត្ថុកំដរដៃ ដល់អតីតមន្រ្តីរាជការស៊ីវិលទាំង៨៣០នាក់ ក្នុងម្នាក់សារុង១ មី១កេសតូច និងថ្នាំពេទ្យមួយចំនួន៕