(ភ្នំពេញ)៖ សមាគមខ្មែរ-ចិន ប្រចាំកម្ពុជា នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បានរៀបចំពិធីពិសាបាយ មិត្តភាព ជាមួយនឹងបងប្អូនអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារ ទូទាំងរាជធានីភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងពាណិជ្ជករ និងជាឱកាសមួយសម្រាប់ការប្រមូលផ្ដុំ និងប្រាស័្រយទាក់ទងគ្នា រវាងពាណិជ្ជកម្មខែ្មរ-ចិន។
ពិធីខាងលើនេះ បានរៀបចំឡើង ក្រោមអធិបតីភាព អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិន ប្រចាំកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន OCIC ដោយមានការចូលរួមពីបងប្អូន អាជីវករប្រមាណជាង១៥០០នាក់ ដែលធ្វើឡើងនៅសាលតាំងពិព័ណកោះពេជ្យ។
លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភា បានឲ្យដឹងថា «ជាការពិតណាស់ ពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាក់ស្ដែង បងប្អូនពាណិជ្ជកម្ម ដែលមានវត្តមាននៅទីនេះ សុទ្ធសឹងតែជាបុគ្គលដែល បានចូលរួម ចំណែកដល់ ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើពាណិជ្ជកម្ម និងការបង់ពន្ធអាករជូនរដ្ឋនិយាយជារួម គុណសម្បត្តិមួយនេះ គឺពិតជាមិនអាចមើលរំលងបានឡើយ»។
លោក ឡាវ ម៉េងឃីន បានបន្ថែមទៀតថា បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចនាយករដ្ឋមន្រ្តី ប្រជាជនទូទាំងប្រទេសបានរស់នៅក្នុង បរិយាកាសមួយប្រកបដោយស្ថិរភាពនយោបាយ និងសុខសន្ដិភាព ក្នុងសង្គម គឺមានតែសង្គមដែលមានសុខសន្ដិភាព និងស្ថិរភាពនយោបាយតែប៉ុណ្ណោះ ទើបប្រជាពលរដ្ឋអាចរស់នៅដោយសុខរក្សមក្សាន្ត ហើយពាណិជ្ជករអាចធ្វើពាណិជ្ជកម្មយ៉ាងរលូន និងជោគជ័យ។
សូមជម្រាបថា កម្មវិធីនេះ ជាលើកទី១ហើយ ដែលសមាគមខ្មែរ-ចិន បានរៀបចំធ្វើឡើង ដើម្បីផ្ដល់ឱកាសមួយ សម្រាប់ការប្រមូលផ្ដុំ និងប្រាស្រ័យទាក់ទង គ្នារវាងពាណិជ្ជកម្មខែ្មរ-ចិន និងសម្រាប់ពង្រឹង ទំនាក់ទំនង និងកិច្ចសហការរវាងពាណិជ្ជករ ៕