(ភ្នំពេញ)៖ នេះជាលើកដំបូងសម្រាប់ ផលិតកម្មសីលារីខត និងក្រុមតន្ត្រីផប់រ៉ក Suffer បានពួតដៃគ្នាចេញជាអាល់ប៊ុមថ្មីមួយ «ឈឺចាប់» ដែលមានអ្នកគាំទ្រជាច្រើននាក់ ជាពិសេសក្រុមយុវវ័យ បានចូលរួមសន្និសីទសារព័ត៌មាន ដែលដំណើរកាលឲ្យដាក់ចេញជាអាល់ប៊ុមថ្មីមួយ របស់ផលិតកម្មសីលារីខតផងដែរ ដែលនេះឆ្លុះបង្ហាញពីភាពរីកចម្រើនវិស័យសិល្បៈរបស់កម្ពុជា ហើយអ្វីជាការកត់សម្គាល់គឺតំណាងក្រុម Suffer បានអះអាងថា នឹងធ្វើឲ្យអ្នកគាំទ្រទាំងអស់មិនខកបំណងទេ។
ក្នុងឱកាសការធ្វើសន្និសីទសារព័ត៌មាន មានការចូលរួមពីអ្នកគ្រប់គ្រងលផលិតកម្មផ្ទាល់ លោក ហាន កាវី និងក្រុមតន្ត្រីផប់រ៉ក Suffer ដែលមានសមាជិកក្រុមចំនួន៤នាក់ គឺ លោក សុខ សារ៉ាដែន, លោក សុខ សារ៉ាដា, លោក នួន ណារ៉ុម និងលោក សុខ សារ៉ាដាំ រួមនឹងសិល្បៈករសិល្បៈការនីដែលគាំទ្រតន្ត្រីផប់រ៉កជាច្រើននាក់ទៀតផងដែរ ហើយកម្មវិធីនេះធ្វើនៅ ទីលានវាយកូនហ្គោលនៃទីក្រុងកោះពេជ្រ នាល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧។
លោក ហាន កាវី បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា៖ «នេះជាការបោះជំហ៊ានថ្មីមួយទៀត នៃតន្រ្តីរ៉ក ដែលជាតន្រ្តីបែបកន្ត្រាក់អារម្មណ៍ និងជាទីចាប់អារម្មណ៍របស់យុវជនខ្មែរសម័យថ្មី ។ លោកក៏បានអំពាវនាវ ឲ្យយុវជនខ្មែរ ទាំងអស់ងាកមកចាប់អារម្មណ៍លើតន្រ្តីរ៉ក ដែលជាតន្រ្តីខ្មែរនាជំនាន់ដើម ដើម្បីលើកទឹកចិត្តសិល្បៈចម្រៀងនេះឡើងវិញ»។ បើតាម លោក ហាន កាវី យុវជនដែលស្រឡាញ់ និងចូលរួមលើកកម្ពស់ផលិតកម្មតន្រ្តីរ៉ក ជាពិសេសស្នាដៃនិពន្ធដែលមិនចំលងពីគេ នឹងមានការភ្ញាក់ផ្អើល និងពេញចិត្តចំពោះស្នាដថ្មីនេះ។
Suffer ជាក្រុមតារាចម្រៀង និងប្រគំតន្ត្រីបែបផប់រ៉ក់ ដែលចាប់ផ្ដើមបង្កើតឡើងក្នុងឆ្នាំ២០១២ និងចូលរួមសហការជាមួយផលិតកម្មសីលារីខត។ ក្រុមហ៊ុនសីលារីខត គឺជាក្រុមហ៊ុនទទួលផលិតបទចម្រៀងពីដើម និងជ្រើសរើសសិល្បៈករដែលមានទេពកោសល្យ ហើយមានចំណង់ចំណូលចិត្ត សសេរបទចម្រៀងដើម។ ពួកគេបានចាប់យកក្ដីស្រឡាញ់របស់មហាជន ក៏ដូចជាអ្នកគាំទ្រ ជាពិសេសបានផ្ដល់កម្លាំងចិត្តដល់តន្រ្តីករដទៃទៀតផងដែរ តាមរយៈបទភ្លើងដើមដែលជាស្នាដៃនិពន្ធដោយផ្ទាល់ របស់ពួកគេជាមួយនិងការប៉ិនប្រសបសម្ដែង យ៉ាងស្វាហាប់របស់ខ្លួនលើឆាក។
លោក សុខ សារ៉ាដែន តំណាងក្រុម Suffer បញ្ជាក់ក្រោយបញ្ចប់សន្និសីទកាសែតថា រូបលោកពីជាសប្បាយចិត្តខ្លាំងណាស់ ដែលមានអ្នកគាំទ្ររូបលោក និងក្រុមតារាផ្សេងទៀតដែលបានចូលរួម ហើយរូបលោកបានបំពេញក្តីស្រមៃលោកបានហើយ។ លោកបានស្នើដល់មហាជនទាំងអស់ក៏ដូចជាអ្នកគាំទ្រ ឲ្យឈប់និយាយពាក្យថា «Original Song» ទៅ ព្រោះអីតន្ត្រីផប់រ៉កក្នុង អាល់ប៊ុម «ឈឺចាប់» ជាបទដែលពួកបានសម្រិតសម្រាំងពីបាទដៃរបស់ពួកគាត់ លោកបន្ថែមថា «បើមិនជឿអាចយកបទទាំងអស់នឹងទៅផ្ទៀងស្តាប់ក៏បាន»។ លោកសង្ឃឹមថា នឹងមានអ្នកគាំទ្រកាន់តែច្រើនពេលដែល ពួកគាត់បានពួតដៃគ្នាជាមួយនឹងផលិតកម្ម សីលារីខតនេះ៕