(ខេត្តកំពត)៖ ព្រឹត្តិការណ៍ប្រណាំងកង់លក្ខណៈអន្ដរជាតិ លើកទី១(RHB Mount Bokor Challenge 2017) បានបញ្ចប់ជាស្ថាពរហើយ ដោយទទួលបានកីឡាករ-កីឡាការិនីជាតិ-អន្ដរជាតិជាង ១៤០នាក់ មកពី ៩ប្រទេសចូលរួមប្រណាំងរយៈពេល ២ថ្ងៃ នៅថ្ងៃទី០៦-០៧ ខែឧសភានេះ នៅលើភ្នំបូកគោ ខេត្តកំពត ។ ជាមួយគ្នានោះ ក៏មានការចូលរួមពីលោក នុត សាអាន អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានផងដែរ ។
លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានឲ្យដឹងថា ថ្វីត្បិតនេះជាលើកទី១ ប៉ុន្ដែការរៀបចំបានបញ្ចប់ដោយជោគជ័យ ដែលទាក់ទាញបានកីឡាករ-កីឡាការិនីអន្ដរជាតិរហូត ៩ប្រទេសមកចូលរួម ។ តាមរយៈភាពជោគជ័យនេះ លោកបានអះអាងថា សហព័ន្ធនឹងខិតខំបន្ដរៀបចំព្រឹត្តិការណ៍បែបនេះបន្ថែមទៀត នាឆ្នាំក្រោយៗ ប៉ុន្ដែលោកក៏បានស្នើរឲ្យក្រុមហ៊ុនដៃបន្ដជួយឧបត្ថម្ភផងដែរ ។
បន្ថែមលើនេះ លោកក៏បានបង្ហាញពីមោទនៈភាពផងដែរ ចំពោះការរៀបចំព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិនេះ ដែលបានរួមចំណែកជួយដល់សង្គម ដោយទទួលបានថវិកាពីការចុះឈ្មោះ បូករួមទាំងការចូលរួមបរិច្ចាគពីក្រុមហ៊ុនស្រាបៀរកម្ពុជា និងធានាគារ RHB មួយចំនួនធំ សម្រាប់ជួយអង្គការកុមារក្រីក្រ ដែលជាគោលជួយរបស់សហព័ន្ធទៀតផង ។
ចំពោះលទ្ធផលវិញ សម្រាប់វិញ្ញាសា Women Open ចម្ងាយ ៥១គីឡម៉ែត្រលេខ១ បានទៅកីឡាការិនីកម្ពុជា ហេង ស៊ីវឡាង ។ វិញ្ញាសា Men Open ចម្ងាយ ៨៥គីឡូម៉ែត្រលេខ១ បានទៅកីឡាករ Razif Salleh មកពីក្លឹប Endurace ។ វិញ្ញាសា Men Elite(King Of Mountain) លេខ១ កីឡាករ Loic Desriac មកពីវៀតណាម ។ វិញ្ញាសា Men Elite ចម្ងាយ ៨៥គីឡូម៉ែត្រ លេខ១ កីឡាករ Muhammad Fauzan Bin និងវិញ្ញាសាចម្ងាយ Men Master ចម្ងាយ ៥១គីឡូម៉ែត្រលេខ១ កីឡាករ Jeremy Hunt មកពីក្លឹប Lotus Pond៕