(ប៉ារីស)៖ បេក្ខជនប្រធានាធិបតីបារាំងគាំទ្រអឺរ៉ុប លោក Emmanuel Macron និងបេក្ខជនប្រឆាំងអឺរ៉ុប លោកស្រី Marine Le Pen បានទៅបោះ ឆ្នោតគាំទ្រខ្លួនឯង រៀងៗខ្លួនរួចហើយ នៅម៉ោង១១ព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងនៅស្រុកបារាំង) ខណៈប្រធានាធិបតីផុតអាណត្តិ លោក ហ្រ្វង់ស័រ ហូឡង់ ក៏បានទៅបោះឆ្នោតគាំទ្របេក្ខជន ដែលលោកពេញចិត្តដែរ ហើយបើគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ប្រជាជនបារាំង ២៨.២៣% បានទៅបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង Le Figaro នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០១៧។
ការបោះឆ្នោតនៅបារាំង បានប្រព្រឹត្តទៅក្រោមការរឹតបន្តឹងសន្តិសុខកាន់តែខ្លាំងជាងមុន ដោយកងកម្លាំងជាង ៥០០០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខ រីឯអ្នកនយោបាយអឺរ៉ុបទំាងអស់ ក៏កំពុងចាំអ៊ុតមើលលទ្ធផលបោះឆ្នោត ថាតើលោកស្រី Le Pen ឬ លោក Macron នឹង ក្លាយជាប្រធានាធិបតីបារាំងទី០៨ ពោលគឺបើសិនជាលោក Macron ជាប់ឆ្នោត វាអាចជាដំណឹងល្អសម្រាប់ពួកគេ ក៏ប៉ុន្តែបើសិនជាលោកស្រី Le Pen ជាប់ឆ្នោតវិញនោះនយោបាយអឺរ៉ុប និងបារាំង អាចនឹងត្រូវប្រឈមមុខនឹងរលកយក្សស៊ូណាមិ នៃនយោបាយជ្រុលនិយម របស់បេក្ខជនស្ដាំ និយមជ្រុលរូបនេះ។
សូមបញ្ជាក់ថា លោក Macron បានទៅបោះឆ្នោតនៅឯតំបន់Touquet រីឯ លោកស្រី Le Pen បានទៅបោះឆ្នោតនៅតំបន់ Hénin-Beaumont។ ដោយឡែក លោក ហ្រ្វង់ស័រ ហូឡង់ ក៏បានទៅបោះឆ្នោតជ្រើសរើសបេក្ខជនដែលលោក ពេញចិត្តផងដែរ បន្ទាប់ពីលោកផ្ទាល់បានអំពាវនាវឱ្យ ប្រជាជនបារាំងបោះឆ្នោតឱ្យអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់លោក គឺលោក Emmanuel Macron ដែលត្រូវបានគេរំពឹងថាមានលទ្ធភាពខ្ពស់ក្លាយជា ប្រធានាធិបតីបារាំង៕