(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល ចុះជួប នឹងសំណេះសំណាល សិស្សនាយនគរបាល ដើម្បីពិនិត្យលើដំណើរការបណ្តុះបណ្តាល ប្រៀបធៀបជាមួយកម្មវិធីបណ្តុះបណ្តាល និងផែនការគ្រប់គ្រងវគ្គ ស្វែងយល់ពីសុខទុក្ខទទួលសំណូមពរ និងលើកទឹកចិត្តឲ្យប្អូនៗប្រឹងប្រែងរៀនសូត្រ ក្នុងន័យជំរុញឲ្យមានការបណ្តុះ បណ្តាលទទួលបានលទ្ធផលល្អ ទទួលបានមន្រ្តីនគរបាលជាតិ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់យល់ដឹងពីវិជ្ជាជីវៈនគរបាល កម្រិតបឋមមានចំណេះដឹងមានការប្រតិបត្តិច្បាប់ គោរពវិន័យ និងក្រមសីលធម៌ និងគោរពសិទ្ធមនុស្សមុននឹងត្រូវបានតែងតាំង ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា។
ពិធីសំណេះសំណាលជាមួយសិស្ស នាយនគរបាល និងនាយនគរបាលរង កំពុងសិក្សាកម្រិតបឋម វិជ្ជាជីវៈនគរបាល ធ្វើឡើងនៅសាលានគរបាលជាតិ ភូមិភាគ៥ ក្នុងខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក ឯក មនោសែន ក៏បានផ្តល់អនុសាសន៍ចំនួន៥ចំណុច ដល់សិស្សនាយនគរបាល នាយនគរបាលរងគ្រប់រូបនូវ អនុសាសន៍ចំនួន ៥ចំណុចរួមមាន៖
១៖ យកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយស័្វយប្រវត្ថិសិក្សា និងទ្រីស្តី និងការអនុវត្តជាក់ស្តែង
២៖ មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា
៣៖ ត្រូវគោរពឲ្យបានដាច់ខាតនូវរាល់បទបញ្ញត្តិដែលបានចែងក្នុងបទបញ្ជាផ្ទៃក្នុង
៤៖ ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនចេះ មិនមែនរៀនចប់» គុណភាពមិនអាចសម្របសម្រូលបានឡើយ
៥៖ ពេលត្រលប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្រ្តីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ និងការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តលើខ្លួន៕