(កណ្តាល)៖ លោកស្រី ហេង សំអូន សមាជិកាគណៈកម្មការកណ្តាលគណបក្សប្រជាជន និងជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំតាឯក តំណាងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញសម្ពោធឧបដ្ឋានសាលា សាលាបឋមសិក្សា១ខ្នង និងសមិទ្ធផលនានា នៅវត្តតាឡវនារ៉ាម ភូមិទ្រាំងក្រោម ឃុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងពេលសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋក្នងឃុំតាឯកប្រមាណជិត ១ពាន់នាក់ លោកស្រី ហេង សំអូន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី សម្តេចគតិព្រឹទ្ធបណ្ឌិត និងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន។
លោកស្រី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងក្នុងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ។ ផ្នែកអាណាចក្រសមិទ្ធផលជាច្រើនដូចជាផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ សាលារៀន និងសំណង់សាធារណៈផ្សេងៗ ត្រូវបានសាងសង់ជាបន្តបន្ទាប់នៅពាសពេញទូទាំងប្រទេស។ សម្រាប់ផ្នែកពុទ្ធចក្រ វត្តអារ៉ាមនានានៅគ្រប់ទីកន្លែងក៏ត្រូវបានកសាងឡើងវិញ និងមានការរីកចំរើនគួរឲ្យកត់សម្គាល់ផងដែរ។
លោកស្រី បានថ្លែងកោតសរសើរនូវឧបដ្ឋានសាលា អគារសិក្សា និងសមិទ្ធផលនានាក្នុងវត្តតាឡវនារាម (ហៅវត្តទ្រាំង) ដែលបានមកពីការចូលរួមចំណែកពីពុទ្ធបរិស័ទជិតឆ្ងាយមូលមតិគ្នាជាឯកច្ឆ័ន្ទកសាងឲ្យលេចជារូបរាងឡើង ព្រមទាំងបានផ្តាំផ្ញើដល់គណៈកម្មការវត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាឲ្យបានស្ថិតនៅគង់វង្សយូរអង្វែង។
បន្ទាប់មកលោកស្រី ក៏បានអញ្ជើញជាកិត្តិយសក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា អគារសិក្សានៃសាលាបឋមសិក្សា និងសមិទ្ធផលនានាក្នងវត្តតាឡវនារាម។
ក្នុងឱកាសនោះ ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាការបង្ហាញនូវការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ លោកស្រី បាននាំយកនូវអំណោយរបស់លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ជាសម្ភារៈនិងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភដល់ការសាងសង់ក្នុងវត្ត ព្រមទាំងចែកជូនដល់ដូនជីតាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធជាដើមផងដែរ៕