(បាត់ដំបង)៖ ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧នេះ បានរៀបចំពិធីសាសនាបួងសួងសុំសេចក្តីសុខ ដល់ពលរដ្ឋ ក្នុងឃុំ មានទឹកភ្លៀងគ្រប់គ្រាន់ធ្វើស្រែ សម្បូរសប្បាយ និងចែកមូលនិធិមនុស្សធម៌ សម្ដេច ស ខេង ដល់ពលរដ្ឋចំនួន៣៨នាក់ ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ហែម ថេង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំសំពៅ ស្រុកបាណន់ បានថ្លែងថា លោក និងសហការីទាំងអស់ ពិសេសបេក្ខភាព ក្រុមប្រឹក្សាឃុំភ្នំសំពៅ តែងតែបានគោរព បូជាទីសការៈម្ចាស់ទឹក ម្ចាស់ដី ពិសេសម្ចាស់ភ្នំសំពៅ និងបានធ្វើពិធីសាសនាបួងសួង សុំសេចក្តីសុខជូនប្រជាពលរដ្ឋរស់នៅ ក្នុងឃុំទាំងអស់ ជាញឹកញាប់មិនដែលខានឡើយ ព្រមទាំងប្រគេនស៊ីម៉ង់ត៍ ចំនួន៧តោន ជូនព្រះសង្ឃគង់ នៅវត្តភ្នំសំពៅផងដែរ។
បន្ទាប់ពីបានបួងសួងចប់ហើយ ក្រុមការងារបានមកទីកន្លែងស្នាក់ការបក្សឃុំ ដើម្បីប្រជុំពង្រឹង និងធ្វើការបែងចែកការងារគ្នា សម្រាប់ត្រៀមរៀបចំខ្លួនត្រួតពិនិត្យ និងជម្រុញសមាជិកបក្ស ទៅបោះឆ្នោតឲ្យបានគ្រប់គ្រប់គ្នា ព្រោះថ្ងៃបោះឆ្នោតនៅសល់តែជិត១ខែទៀតប៉ុណ្ណោះ។
លោក ហែម ថេង បានបញ្ជាក់ឲ្យដឹងថា ក្រៅពីការងារជួយកសាងសមិទ្ធិផល សន្ធឹកសន្ធាប់រាប់មិនអស់នោះ ហើយបាននិងកំពុងកសាងបន្តបន្ថែមទៀត តាមការស្នើសុំ របស់ប្រជាពលរដ្ឋ ក្នុងឃុំ ដោយឡែកជាក់ស្តែងក្នុងថ្ងៃនេះ លោកបានដឹកនាំក្រុមប្រឹក្សាឃុំចុះចែកមូលនិធិមនុស្សធម៌ សម្ដេច ស ខេង ដល់ស្រ្តី ទើបសម្រាលកូន និងគ្រួសារមានសមាជិកមរណភាពចំនួន៣៨នាក់ ក្នុងនោះស្រ្តីសម្រាលកូន៣១នាក់ និងគ្រួសារមរណភាពចំនួន៧នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន២០ម៉ឺនរៀល។
លោកក៏បានរំលឹកផងដែរថា មូលនិធិមនុស្សធម៌សម្ដេចក្រឡាហោម ស ខេង ជាមូលនិធិមួយចែកជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការអ្វីឡើយ ដែលបង្កើតឡើងដោយ សម្តេចក្រឡាហោម ស ខេង កន្លងមកចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ឃុំភ្នំសំពៅ យើងបានចែកជូនពួកគាត់បានទទួលហើយ មានចំនួន៨៦៨នាក់ ក្នុងនោះមានស្រ្តីសម្រាលកូន៦៦២នាក់ និងគ្រួសារអ្នកមរណៈ២០៦នាក់ ស្មើនិងទឹកប្រាក់១៧៣លាន៦សែនរៀល។
ដោយសារអំពើល្អ របស់ក្រុមការងារចុះជួយឃុំភ្នំសំពៅ ប្រជាពលរដ្ឋបានទទួលស្គាល់ថា គណៈពង្រឹងមូលដ្ឋានលោកមានភាពជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋទូទៅ ពេលប្រជាពលរដ្ឋមានការលំបាកអ្វី ខ្វះខាតអ្វី លោកបានជួយដោះស្រាយបានភ្លាមៗទាន់ចិត្ត រហូតមកដល់បច្ចុប្បន្ន ទើបធ្វើឲ្យប្រជាពលរដ្ឋ ស្រឡាញ់គោរពរាប់អានគ្រប់ៗគ្នា។
ដើម្បីឆ្លើយតបមកក្រុមការងារវិញ ប្រជាពលរដ្ឋក៏បានបោះឆ្នោត ជូនក្រុមប្រឹក្សាឃុំភ្នំសំពៅអណត្តិមុន បាន៨លើ៩អសនៈ គឺបានលេខ១ទូទាំងប្រទេស ហើយអណត្តិនេះ ប្រជាពលរដ្ឋក៏បានប្តេជ្ញាចិត្តបោះឆ្នោត ឲ្យក្រុមប្រឹក្សាឃុំរបស់ CPP យកឈ្នះដាច់មិនឲ្យសល់១អសនៈឡើយ។
នៅក្នុងថ្ងៃនេះដែរ លោកប្រធានក្រុមការងារ ក៏បានឧបត្ថមថវិកា ជូនអ្នកមកចូលរួមចំនួន៥៣នាក់ ម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងទទួលហូបបាយសាមគ្គីថ្ងៃត្រង់មួយពេលផងដែរ៕