(ភ្នំពេញ)៖ ខ្យងស័ង្ខ ជាខ្យង ធម្មជាតិដែលក្រុមបាគូ ដាក់ទឹកមន្ដប្រោះព្រំ ឬផ្លុំសម្រាប់កិច្ចពិធីសិរីមង្គលថ្វាយព្រះមហាក្សត្រ។ បើហេតុនេះ តើខ្យងស័ង្ខ មានសាវតារយ៉ាងណា ទើបបានជាបុព្វបុរសខ្មែរ ប្រើក្នុងពិធីជាមង្គលបែបនេះ?
អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើដំណាលអំពីសាវតារខ្យងស័ង្ខ ហើយត្រូវបានបុព្វបុរសខ្មែរប្រើជាកិច្ចពិធីមង្គលនេះ គឺទាក់ទងនិងទេវកថាដែលមានសេចក្ដីរៀបរាប់ថា កាលពីបឋមនៃចក្រវាទ្បយើងនេះ គឺព្រះឥសូរទ្រង់បានសាងភ្នំកៃលាសទ្បើងដើម្បីជាទីគង់ប្រថាប់ របស់ព្រះអង្គ ហើយទ្រង់មានព្រះបន្ទូលឲ្យព្រះនរាយណ៍ទៅស្ថិតក្នុងបាតសមុទ្រផ្ទំលើខ្នងអនន្ទនាគរាជ។ បន្ទាប់មកព្រះអង្គ បានឲ្យព្រះព្រហ្មធាតា ទៅជាធំក្នុងព្រហ្មលោក។ ស្ថិតត្រង់ចំណុចនេះ ក៏បណ្ដាលឲ្យពពួកព្រហ្មទំាងទ្បាយកើតមានគំនិតគិតឫស្សា ច្រណែននឹងព្រហ្មធាតា គឺធំជាងពួកខ្លួន។ តមកទៀតមានព្រហ្មម្នាក់ក្នុងចំណោមព្រហ្មទំាងទ្បាយ ក៏បានច្យុតិចុះមកកើតជាស័ង្ខអសុរ ហើយក៏រស់នៅក្រោមបាតមហាសមុទ្រជើងភ្នំព្រះសុមេរុរាជ។
ក្នុងគ្រាមួយ ព្រះព្រហ្មធាតា ក៏បាននំាគម្ពីរព្រះវេទចុះមក ក្នុងបំណងដើម្បីថ្វាយព្រះឥសូរ តែគាប់ជូនជាកើតក្ដៅក្នុងព្រះវរកាយខ្លំាងពេក ទើបញំាងឲ្យព្រះអង្គ យាងចុះទៅស្រង់ទឹកក្នុងមហាសមុទ្រ ដោយបានដាក់គម្ពឺរវេទនេះ នៅលើមាត់ច្រំាង។ ស្រាប់តែពេលនោះគឺស័ង្ខអសុរ កាលបើឃើញគម្ពឺរវេទដាក់ យ៉ាងដូច្នេះ ក៏ប្រើអារ័ក្សទឹកឲ្យទៅលួចយកមកឲ្យខ្លួន ហើយក៏បានលេបទុកក្នុងពោះ គឺក្នុងគោលបំណងដើម្បីមិនឲ្យព្រះព្រហ្មធាតា ប្រៀនប្រដៅមនុស្សលោកតទៅទៀត។
ចំណែកឯព្រះព្រហ្មធាតា កាលបើទ្បើងពីទឹកមក ហើយមិនឃើញគម្ពឺរយ៉ាងដូច្នេះ ក៏នំារឿងនេះទៅទូលព្រះឥសូរ ភ្លាមនោះព្រះឥសូរក៏ទ្រង់ញាណ ជា្របថា ស័ង្ខអសុរ គឺជាអ្នកលួចគម្ពឺរវេទនេះ។ បន្ទាប់មកទ្រង់ក៏ប្រើព្រះនរាយណ៍ឲ្យទៅនំាយកព្រះគម្ពឺរនេះមកវិញ។ ថ្លែងពីព្រះនរាយណ៍ ក៏បាននិមិត្ដខ្លួន ធ្វើជាត្រីក្រាយមាស ធំជាងត្រីណាៗទំាងអស់ទៅច្បំាងនឹងស័ង្ខអសុរ រហូតទទួលបានជ័យជម្នះ។ បន្ទាប់មកព្រះអង្គ ក៏បានប្រែក្រទ្បាខ្លួនមកជាព្រះនរាយណ៍ វិញ គឺមានដៃ៤ កាន់សស្រា្ដវុធគ្រប់ព្រះហត្ដ ហើយក៏បានចាប់ហែកមាត់ស័ង្ខអសូរ ដើម្បីយកគម្ពឺរវេទមកវិញ។ ដោយសារតែហេតុនេះហើយ ទើបយើងឃើញមាត់ខ្យងស័ង្ខ មានវៀចឆ្នូតតាមស្នាមម្រាមដៃ របស់ព្រះនរាយណ៍ជាប់មកដល់សព្វថ្ងៃ។
ត្រង់ចំណុចនេះ អ្វីជាការកត់សម្គាល់លោក រត្ន័ សណ្ដាប់ បានថ្លែងបញ្ជាក់ថា បន្ទាប់ពីប្រហារជីវិតស័ង្ខអសុរស្លាប់គឺព្រះនរាយណ៍ បានមានព្រះរាជឱង្ការ ដើម្បីទុកជាអានុភាពមង្គល៣ប្រការក្នុងខ្យងស័ង្ខនេះគឺ៖
១)៖ ចំពោះស្នាមម្រាមដៃយើងដិតជាប់នៅទីនេះ ទុកជាសាក្សី ។
២)៖ ចំពោះពោះស័ង្ខដែលលេបគម្ពឺរវេទ ទុកជាឃ្លំាងគម្ពឺរ។
៣)៖ ចំពោះព្រះព្រហ្មច្យុតិចុះមកកើតជាខ្យងស័ង្ខ ទុកជាអ្នកថែរក្សា។ បើហេតុនេះតទៅមុខ បើមនុស្សលោកណាប្រកបកិច្ចពិធីអ្វីៗហើយយក ខ្យងស័ង្ខដាក់ទឹកស្រោចប្រោះព្រំលើសិរិសា និងលើដៃ ឬយកទៅផ្លុំ សូមឲ្យកើតមង្គលគ្រប់យ៉ាងតាមសេចក្ដីប្រាថ្នា ដែលសម្លេងស័ង្ខឮដល់។
ជាចុងបញ្ចប់ លោក សណ្ដាប់ ថ្លែងថា ដោយខ្យងស័ង្ខ មានសេរីមង្គលបីប្រការជាប់នៅក្នុងខ្លួនបែបនេះហើយ ទើបបុព្វបុរសខ្មែរយើងបានយកមកប្រើ សម្រាប់កិច្ចពិធីផ្សេងៗជាប់ជាទំនៀមប្រពៃណីតំាងពីដើម ជារៀងដរាបមកដល់សព្វថ្ងៃ។ ជាក់ស្ដែង ព្រះរាជពិធីព្រះរាជាភិសេក ព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី ទ្រង់ទ្បើងគ្រងរាជសម្បត្ដិថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ និងកិច្ចពិធីផ្សេងៗទៀតតែងយកខ្យងស័ង្ខ មកដាក់ទឹកមន្ដដើម្បី ស្រោចប្រោះព្រំឬផ្លុំ គឺក្នុងន័យជាកិច្ចមង្គលនេះឯង។
* ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា គម្រប់ព្រះជន្មាយុ ៦៤ព្រះវស្សា យាងចូល៦៥ព្រះវស្សា។ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ៕