(កំពង់ចាម)៖ លោក ម៉ា ឈឿន ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អនុប្រធានថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងប្រធានការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ បានបញ្ជាក់ថា​ សមាជិក-​សមាជិកាទាំងអស់របស់ គណបក្សប្រជាជនកម្ពុជា គឺជាដៃស្ដាំ និងជាបេះដូង របស់គណបក្ស ដើម្បីឈានទៅរកភាពជោគជ័យ។

ថ្លែងបែបនេះ ត្រូវបានធ្វើឡើង ក្នុងវគ្គបណ្ដុះបណ្ដាលដល់សកម្មជន និងភ្នាក់ងាររបស់គណបក្ស ដែលត្រូវចូលរួមសកម្មភាព នៅពេលបោះឆ្នោត ប្រមាណជាង៤០០នាក់ ដែលមកពីឃុំទាំង១០ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងរយៈពេញមួយថ្ងៃ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ ដែលបានប្រារព្ធនៅទីស្នាក់ការគណបក្សប្រជាជនស្រុក។

ក្នុងឱកាស​ លោក ម៉ា ឈឿន ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា សម្ដេច ហេង សំរិន ប្រធានកិត្តិយស ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន ដែលសម្ដេចតែងតែនឹករលឹក ជានិច្ចចំពោះសមាជិក សមាជិការរបស់បក្សទាំងអស់។

ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយស្រុកជើងព្រៃ លោក ម៉ា ឈឿន បានបញ្ជាក់ថា​ «សមាជិកទាំងអស់ គឺជាស្ដាំ ជាបេះដូងរបស់បក្ស ហើយពាក្យថាដៃស្ដាំ ជាមនុស្សដែលជំនិតបំផុតរបស់បក្ស, ពាក្យថា បេះដូង ជាមនុស្សដែលជាកត្តាស្លាប់រស់របស់បក្ស គឺអស់លោក លោកស្រី ជាមនុស្សដែលធ្វើឲ្យបក្សទទួលបានជោគជ័យ និងទទួលបានជ័យជំន្នះ ដូច្នេះត្រូវតែយល់ន័យនេះ»

ទីប្រឹក្សាសម្ដេចតេជោរូបនេះ បានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ គឺមានតម្លៃណាស់ហើយសមាជិកទាំងអស់ត្រូវលះបង់ ពេលវេលាដ៏មានតម្លៃសម្រាប់ជីវភាពរស់នៅ ប្រកបមុខរបរ ដើម្បីយកពេលវេលានេះ ស្ដាប់ការពន្យល់ណែនាំរបស់គ្រូ ហើយយកអ្វីដែលទទួលបានពីការសិក្សានេះ ទៅបំពេញការងារតាមជំនាញរៀងខ្លួនៗឲ្យបានល្អ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំន្នះ នៅថ្ងៃបោះឆ្នោតខាងមុខនេះ។

ជាការឆ្លើយតប សមាជិកបានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ បានប្ដេជ្ញាថា នឹងយកអ្វីដែលបានសិក្សារៀនសូត្រ ទៅបំពេញការងារឲ្យបានល្អបំផុត ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ហើយជាពិសេសនៅពេលបោះឆ្នោតឆ្នាំ២០១៨ ព្រមទាំងអណត្តិក្រោយៗទៀត៕