(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងឲ្យដឹងថា សមិទ្ធផលទាំងអស់ ក្នុងវិស័យព្រះពុទ្ធសាសនា គឺកើតចេញពីការអភិវឌ្ឍន៍ ក្នុងពេលប្រទេសមានសុខសន្តិភាព មិនថាវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។
ការថ្លែងបែបនេះ របស់លោកអភិបាលខេត្តកំពង់ស្ពឺ បានធ្វើឡើងខណៈដែលលោក អញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីកាត់ខ្សែបូរ និងសំណេះសំណាល ក្នុងពិធីបុណ្យឆ្លងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា រួមនិងបានចែកអំណោយជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងវត្តព្រះភ្នំបុណ្យ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង បន្ថែមទៀតថា ប្រាកដណាស់រាល់កិច្ចអភិវឌ្ឍន៍ គឺតែងតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដូច្នេះប្រទេសមួយ ត្រូវការខ្លាំងនៅសេរីភាព សុវត្តិភាពជាពិសេសសន្តិភាពនេះតែម្ដង។
លោកថា «សព្វថ្ងៃរាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវិស័យព្រះពុទ្ធសាសនា និងផ្តល់ឱកាសឲ្យពលរដ្ឋមានសិទ្ធស្រឡាញ់ និងគោរពសាសនា បានតាមបំណង ខុសពី៣៥ឆ្នាំមុន វត្តអារាមជាកន្លែងគោរពបូជា ក្លាយទៅជាគុក ទៅជាកន្លែងសហករ ទៅជាកន្លែងសម្លាប់មនុស្ស ឥតត្រាប្រណី តែពេលនេះសាសនាត្រូវគោរពបូជា និងកសាងអភិវឌ្ឍន៍រាល់ថ្ងៃ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន»។
លោកអភិបាលបានបន្តទៀតថា ពលរដ្ឋគ្រប់រូបដែលស្រឡាញ់ និងគោរពសាសនាទាំងអស់ ត្រូវចេះថែរក្សា និងកសាងអភិវឌ្ឍន៍ ឲ្យកាន់តែប្រសើរ ហើយត្រូវទុកទីអារាម ជាកន្លែងគោរពបូជា សម្រាប់ប្រជាពុទ្ធបរិស័ទ្ធ នៃយើងទាំងអស់គ្នា៕