(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យបងប្អូនគ្រួសារកងទ័ពទាំងអស់គ្នា ប្រុងប្រយ័ត្ន នៅពេលដែលមានភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ម្តងៗ ធ្វើយ៉ាងណាការពារកុំឲ្យមានគ្រោះថ្នាក់។
ការអំពាវនាវបែបនេះ របស់នាយឧត្តមសេនីយ៍ មាស សុភា ធ្វើឡើងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខគ្រួសារកងទ័ពចំនួន៥០០គ្រួសារ មកពី៣ភូមិ ក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត នៅទីបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ ដោយមានការចូលរួមលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមន្ត្រីថ្នាក់ដឹកនាំ ជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ មាស សុភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ ដែលជានិច្ចជាកាលតែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនកងទ័ពយើង នៅសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ ក៏ដូចជាបងប្អូនកងទ័ពដែលឈរជើង នៅតាមមូលដ្ឋានផ្សេងៗទៀត។
យ៉ាងណាមិញក្រោយហេតុការខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះរបស់បងប្អូនគ្រួសារកងទ័ពជាង១០០ខ្នង រងការខូចខាត កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានចាត់តាំងក្រុមការងារ ចុះមកសួរសុខទុក្ខ និងបាននាំអំណោយសង្គ្រោះបន្ទាន់ យកមកចែកជូនដល់ដៃបងប្អូនភ្លាមៗផងដែរ បើទោះបីជាអំណោយនោះ មិនអាចបំពេញសេចក្តីត្រូវការ របស់បងប្អូនបានគ្រប់គ្រាន់ក៏ដោយ តែវាអាចដោះស្រាយការខ្វះខាត របស់បងប្អូនបានមួយគ្រាៗផងដែរ។
នៅក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ បានប្រគល់អំណោយដល់គ្រួសារកងទ័ពទាំង៥០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ១ការ៉ុង មី១កេស និងថវិកា២០០០០រៀល។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានឧបត្ថម្ភទីបញ្ជាការកងពលនូវស្រូវពូជល្អចំនួន២តោន និងសន្យាផ្តល់ពូជដំណាំផ្សេងៗទៀត ដល់គ្រួសារកងទ័ពទៀតផង និងបានផ្តល់ថវិកាចំនួន២លានរៀល ដល់ក្រុមកីឡាករបាល់ទះចំណុះ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងធ្វើការប្រគួតដណ្តើមពានរង្វាន់ស្រាបៀលីអូលើកទី៦ ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានកីឡាករមកពី៤ប្រទេសចូលរួម៕