(ជប៉ុន)៖ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥០ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រព្រឹត្តទៅនៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០១៧ ហើយឆ្នាំនេះ ក៏ជាខួបលើកទី៥០ នៃការបង្កើតធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ, លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលបំរុងរបស់កម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំនេះ។

នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់សម័យប្រជុំពេញអង្គប្រចាំឆ្នាំរបស់ ADB, លោក វង្សី វិស្សុត បានលើកឡើងថា កម្ពុជាក្នុងឋានៈជាប្រទេសស្ថាបនិក ដែលបានចូលរួមបង្កើត ADB កាលពី៥០ឆ្នាំមុន គឺពិតជាពិតជាសូមវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ ADB នៅក្នុងការចូលរួមចំំណែកដល់ការអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្រ នៅក្នុងតំបន់អាស៊ីទាំងមូល នៅក្នុងរយៈពេល៥០ឆ្នាំមកនេះ។

លោកបានបន្តលើកឡើងថា ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ តំបន់អាស៊ី និងប៉ាស៊ីហ្វិក បាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើននៅឡើយ ទាំងជាបញ្ហាប្រឈមចាស់ និងបញ្ហាប្រឈមទើបលេចចេញថ្មីៗ។ បញ្ហាភាពក្រីក្រ ការសម្រេចបាននូវបរិយាប័ន្នសង្គម បញ្ហាវិសមភាព និងភាពធន់និងចិរភាពនៃកំណើន ព្រមទាំងការធ្វើសមាហរណកម្មនៅក្នុងតំបន់ នៅតែជាចំណោទបញ្ហាដែលត្រូវបន្តរួមគ្នាដោះស្រាយ។

លោក វង្សី វិស្សុត បានឲ្យដឹងថា ស្ថិតនៅក្នុងបរិការណ៍នេះ កម្ពុជាសូមស្វាគមន៍ការបន្តធ្វើកំណែទម្រងផ្ទៃក្នុងរបស់ ADB និងការពង្រឹងភាពជាដៃគូជាមួយ ប្រទេសសមាជិកនិងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យស្ថាប័ននេះ កាន់តែខ្លាំងជាងមុន ប្រសើរជាងមុន និងកាន់តែមានភាពរហ័សរហួនជាងមុន ក្នុងការផ្តល់ការឆ្លើយតបទៅនឹង តម្រូវការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ, ការបង្កើតការងារឱ្យបានកាត់តែច្រើន សម្រាប់ប្រជាជន និងកសាងសង្គមប្រកបដោយបរិយាប័ន្ន ព្រមទាំងការធានាចិរភាពនៃបរិស្ថាន របស់បណ្តាប្រទេសសមាជិក ដែលជាប្រទេសចំណូលធម្យមទាំងអស់។

ក្នុងន័យនេះ កម្ពុជាសូមស្វាគមន៍នូវក្របខ័ណ្ឌយុទ្ធសាស្រ្តឆ្នាំ២០៣០ របស់ ADB ហើយកម្ពុជានឹងបន្តពង្រឹងភាពជាដៃគូជាមួយ ADB ឱ្យកាន់តែជិតស្និទនិងរឹងមាំជាងមុន ដើម្បីឆ្លើយតបទៅនឹងគោលដៅ នៃការអភិវឌ្ឍរបស់កម្ពុជាខ្លួនឯងផង ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់បណ្តាប្រទេសសមាជិកដទៃទៀត ជាពិសេសគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព ដើម្បីកសាងវិបុលភាពនៅក្នុងតំបន់ទាំងមូល សម្រាប់បណ្តាឆ្នាំតទៅមុខទៀត។

លោកក៏បានលើកឡើងផងដែរថា កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមប្រមាណ ៧.៧% ក្នុងមួយឆ្នាំ នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ខ្ពស់នេះ បានធ្វើឱ្យទំហំនៃផលិតផលក្នុងស្រុកសរុប (ផសស-GDP) របស់កម្ពុជា បានកើនឡើងប្រមានជិត៦ដង ពោលគឺពីប្រមាណ៣.៧ ប៊ីលានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០០០ ឡើងដល់ប្រមាណ២០ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៦ ហើយចំណូលរបស់ប្រជាជនម្នាក់ធៀបនឹង ផសស ក៏បានកើនឡើងពីចំនួន ២៨៨ ដុល្លារ នៅក្នុងឆ្នាំ២០០០ ដល់ចំនួន ១ ៣០០ ដុល្លារនៅឆ្នាំ២០១៦ កន្លងទៅ។ ជាមួយគ្នានេះ កម្ពុជាក៏សម្រេចបាននូវវឌ្ឍនភាព គួរកត់សម្គាល់នៅក្នុងផ្នែកសារពើពន្ធផងដែរ។

ជាក់ស្តែង កម្ពុជាសម្រេចបាននូវកំណើនចំណូលដ៏ខ្ពស់ប្រមាណជាង ១០ដង ពោលគឺពីប្រមាណតែ៣៥០លានដុល្លារនៅក្នុងឆ្នាំ២០០០ ឡើងដល់ប្រមាណ ៣៨៥០ លានដុល្លារនៅក្នុងឆ្នាំ២០១៦ ហើយបើគិតពីកំណើនធៀបនឹង ផសស វិញ ពីប្រមាណ ១០% ទៅ ១៨% នៃ ផសស នៅក្នុងរយៈពេលដូចគ្នា។ បច្ចុប្បន្ន កម្ពុជាអាចមានលទ្ធភាពរ៉ាប់រងការចំណាយរបស់ខ្លួនប្រមាណ ៧៨% ដោយចំណូលថវិកាជាតិខ្លួនឯង និងប្រមាណ ១/៣ នៃចំណាយវិនិយោគ។


លោក វង្សី វិស្សុត បានបន្តលើកឡើងថា កម្ពុជានឹងអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% នៅក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក៏ដោយ ដែលប្រការនេះ គឺជាការសបញ្ជាក់ឱ្យឃើញថា កម្ពុជាកំពុងតែដើរនៅលើផ្លូវត្រូវ។

ជាទិសដៅតទៅថ្ងៃមុខទៀត លោកបានគូសបញ្ជាក់ថា កម្ពុជានឹងបន្តខិតខំរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន ឱ្យអាចសម្រេចបាននៅក្នុងរង្វង់ ៧% ជាបន្តបន្ទាប់ទៀត តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទាក់ក្រឡា ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច, ការធ្វើពិពិធកម្មមូលដ្ឋាន សេដ្ឋកិច្ច និងការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាព តាមរយៈការបង្កើនការវិនិយោគ ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់, ការពង្រឹងនិងលើកកម្ពស់ គុណភាពវិស័យអប់រំ និងការអភិវឌ្ឍមុខជំនាញវិជ្ជាជីវៈបច្ចេកទេស, ការបន្តកែលំអរបរិស្ថានវិនិយោគ, ការលើកកម្ពស់អភិបាលកិច្ច, ការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន និងការកសាងសំណាញ់សុវត្ថិភាពសង្គម ព្រមទាំងការធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា៕