(កំពង់ចាម)៖ សមិទ្ធផលថ្មី ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា រួមមាន អគារសិក្សាបឋមសិក្សាគគរ ០១ខ្នង មាន០៤បន្ទប់ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ និងបញ្ចុះបឋមសិលា ផ្លូវលំ០៤ខ្សែ ប្រវែង១,២០០ម៉ែត្រ ព្រមទាំងអគារស្នាក់ការគណបក្សប្រជាជនឃុំគគរ អគារសាលាឃុំគគរផងដែរ។
ពិធីសម្ភោធនេះ ធ្វើឡើងក្រោមអធិបតីភាព លោក លន់ លឹមថៃ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងមានការចូលរួមពី ក្រុមការងារគណបក្សគ្រប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋប្រមាណ៦០០នាក់ផងដែរ។
សមិទ្ធផលទាំងនេះ ត្រូវបានប្រជាពលរដ្ឋវាយតម្លៃថា ពិតជាបានឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន ហើយនឹងអាចលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងវិស័យអប់រំឲ្យកាន់តែល្អប្រសើរ។ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះ បានទះដៃអបអរសាទរចំពោះសមិទ្ធផលថ្មីទាំងនេះ និងបានសន្យាគាំទ្រ នូវគោលនយោបាយនានា របស់គណបក្ស ក៏ដូចជារាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ។
លោក លន់ លឹមថៃ បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ សមិទ្ធផលទាំងនេះមិនមែនជាសមិទ្ធផលចុងក្រោយទេ នៅមានសមិទ្ធផលជាច្រើនទៀត ដែលគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើជាបន្តបន្ទាប់តាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។
ក្នុងនោះ ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាមរូបនេះ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋខំប្រឹងប្រែង ក្នុងការធ្វើការងារប្រកបរបរចិញ្ចឹមជីវិត និងខិតខំស្វែងយល់សិក្សារៀនសូត្រ និងបញ្ជូនកូនទៅរៀនឲ្យបានគ្រប់គ្នាដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរ និងសំណូមពរឲ្យប្រជាពលរដ្ឋ ជួយថែរក្សាសមិទ្ធផលទាំងអស់ ដែលមានស្រាប់ឲ្យបានគងវង្ស ហើយពិសេសគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូអំពីសុខទុក្ខ និងជួយជាក់ស្តែងដល់ប្រជាពលរដ្ឋទូទៅ ដោយឥតរើសអើង៕