(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍​ ម៉ឹង​ សំផន​ រដ្ឋលេខាធិការក្រសួងការពារជាតិ​ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង​ ​និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកចន្ទ្រា ​និងក្រុងបាវិត ខេត្តស្វាយរៀង កុំចាញ់បោកការឃោសនានយោបាយ របស់គណបក្សផ្សេង​ ឬអ្នកនយោបាយមួយចំនួន​ ដែលតែងតែដើរបំផុសបំផុល​បោកប្រាស់ ខុសការពិតតាមរូបភាពផ្សេងៗ​។

ការអំពាវនាវរបស់នាយឧត្តមសេនីយ៍បែបនេះ ក្នុងឱកាសជួបសំណេះសំណាល​ជាមួយមន្ត្រីរាជការ​ គ្រូបង្រៀន​ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ​ អតីតយុទ្ធជន​ និវត្តជន​ មន្ត្រីថ្នាក់សង្កាត់ភូមិ​ ព្រមទាំងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា ជិត១ពាន់នាក់​ នាព្រឹកថ្ងៃទី០៧ ខែឧសភា​ ឆ្នាំ២០១៧នេះ​។

លោកនាយឧត្តមសេនីយ៍​ ម៉ឹង​ សំផន​ បានរំកឡើងវិញពីប្រវត្តិសាស្ត្រមួយចំនួន ដែលកម្ពុជាធ្លាប់ឆ្លងកាត់​ ​ពីប្រទេសដែលពោលពេញដោយភ្លើងសង្គ្រាម ទុក្ខវេទនា នាពេលកន្លងមក​ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧​មករា​ ១៩៧៩​ កម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មី​ ទាំងអស់នោះ គឺបានដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

លោកនាយឧត្តមសេនីយ៍បានបន្តថា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ​បានធ្វើឲ្យប្រទេសជាតិដែលសេសសល់ពីបាទដៃទទេរ​ ប្រែមុខមាត់ថ្មី​ មានការរីកចម្រើន​ និងអភិវឌ្ឍឥតឈប់ឈរ​លើគ្រប់វិស័យ​ ដែលធ្វើឲ្យឆាកអន្តរជាតិទទួលស្គាល់​។

នាយឧត្តមសេនីយ៍​ ម៉ឹង​ សំផន​ ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ​ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា​ ហើយសូមបោះឆ្នោតជូនគណបក្ស​ ព្រោះថាមានតែមេឃុំ​-ចៅសង្កាត់គណបក្សប្រជាជនកម្ពុជាដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋាន​ ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាញ់បោកការឃោសនានយោបាយរបស់គណបក្សផ្សេង​ ឬអ្នកនយោបាយមួយចំនួន​ ដែលតែងតែដើរបំផុសបំផុល​ បោកប្រាស់តាមរូបភាពផ្សេងៗ​។

លោកនាយឧត្តមសេនីយ៍​ ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែក្សាសន្តិភាព​ ដែលគណបក្សប្រជាជនកម្ពុជាបានខិតខំ កន្លងមក​ ​ដើម្បីឲ្យបានស្ថិតស្ថិរយូរអង្វែង សម្រាប់ប្រទេសជាតិ​ និងកូនចៅជំនាន់ក្រោយ​ ហើយចូលរួមបោះឆ្នោតទាំងអស់គ្នា នាពេលខាងមុខ​ ដើម្បីបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា​ ដឹកនាំជាតិមាតុភូមិតទៅមុខទៀត៕