(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួន សម្រាប់សហគមន៍ខ្មែរឥស្លាមកម្ពុជាលើ វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម។
ថ្លែងទៅកាន់សាសនិកឥស្លាមកម្ពុជាក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិក ឥស្លាមខេត្តកណ្តាល នៅមន្ទីរគណបក្សក្រុង តាខ្មៅ ព្រឹកថ្ងៃទី៧ ឧសភា ឆ្នាំ២០១៧នេះ លោក អូស្មាន ហាស្ស្សាន់ សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនា សាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលលោកបានអញ្ជើញជាសហអធិបតីជាមួយលោក នូ សាខន ប្រធានគណៈកម្មាធិការ ប្រចាំការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល លោកឧកញ៉ាបានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះ សាសនិកឥស្លាមកម្ពុជា ដោយសម្តេចបានអនុញ្ញាតឲ្យបង្កើតឡើងនូវស្ថាប័ន គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាក្នុងឆ្នាំ២០០០ ដែលមានរចនាសម្ព័ន្ធគ្រប់គ្រងតាំងពីថ្នាក់ កណ្តាលដល់ថ្នាក់មូលដ្ឋាន និងអាចផ្សព្វផ្សាយធម៌វិន័យយ៉ាងទូលំទូលាយតាមប្រព័ន្ធផ្សព្វ ផ្សាយនានាថែមទៀតផង។
លោកបានបន្តថា សាសនិកឥស្លាមកម្ពុជាទទួលបាននូវអត្ថប្រយោជន៍ជាច្រើនក្នុង ការគោរពប្រតិបត្តិសាសនារបស់ខ្លួន ក្នុងនោះព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ អតីតព្រះមហាក្សត្រ និងសម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រគល់ដី និងទីតាំងវិហារបឹងកក់ជូន សហគមន៍ឥស្លាមគ្រប់គ្រងវិញ ហើយជាមួយគ្នានេះរាជរដ្ឋាភិបាលបានបង្កើតឲ្យមានកន្លែង សម្រាប់ថ្វាយបង្គំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅអគារវិមានសន្តិភាព សិស្ស និស្សិតឥស្លាមអាចស្លៀកពាក់ប្រពៃណី និងទទូរក្រមានៅក្នុងពេលរៀនទាំងនៅក្នុងគ្រឹះស្ថាន អប់រំរបស់រដ្ឋ និងឯកជន ហើយចំពោះសិស្ស និស្សិតឥស្លាមកម្ពុជាដែលទៅបន្តការសិក្សានៅបរទេស ទទួលបានលិខិតឆ្លងដែនដោយឥតគិតថ្លៃ ពិសេសជាងនេះទៅទៀត រាជរដ្ឋាភិបាល កម្ពុជាតែងបានយកចិត្តទុកដាក់ និងផ្សាភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមកម្ពុជាផងដែរ។ ជាពិសេសរាជរដ្ឋាភិបាល បានសម្រេចបញ្ចូលគ្រូខ្មែរឥស្លាម១៥០០នាក់ ទៅក្នុងក្របខណ្ឌមន្ត្រីរាជការ ដែលជាការគិតគូពីជីវភាពបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ដូចប្រជាពលរដ្ឋទូទៅ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានបញ្ជាក់ថា អ្វីៗទាំងនេះគឺវាសមល្មម សម្រាប់បងប្អូនសាសនិកឥស្លាមកម្ពុជា តបស្នងសងគុណចំពោះ ប្រមុខរាជរដ្ឋាភិបាលវិញ ដោយយើងមិនត្រូវរមិលគុណឡើយ ដែលការតបស្នងសងគុណនោះ គឺធ្វើឡើងតាមរយៈការបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា។ ជាមួយគ្នានេះសហគមន៍ឥស្លាមកម្ពុជាបានប្រកាស ចេញមុខការពារ និងប្រឆាំងដាច់ខាតចំពោះការលាបពណ៌ និងការចោទប្រកាន់ មកលើសហគមន៍ឥស្លាមនៅកម្ពុជា ពីបណ្តាប្រទេស និង មជ្ឈដ្ឋាននានា ដែលខុសពីការពិត៕