(ភ្នំពេញ)៖ ជនប្រប្រត្តល្បែងស៉ីសង «ហ្គេមបាញ់ត្រី និងល្បែង «ឆ្នោតវៀតណាម» ក្នុងនោះមានទាំងក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនផងដែរចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ បើកការស៉ើបអង្កេតរហូតបង្ក្រាបឃាត់ខ្លួន បានក្នុង៣ករណីជាបន្តបន្ទាប់ និងដកហូតបានទូរហ្គេមបាញ់ត្រីចំនួន៣គ្រឿង រួមជាមួយថ្នាំញៀនមួយចំនួន។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់បើកការបង្ក្រាបការណីគ្រឿងញៀន ក៍ដូចជាបង្ក្រាបល្បែងស៉ីសងទាំងនេះដែរ ត្រូវបានធ្វើឡើងត្រឹមតែមួយល្ងាចចំនួន៣ករណី ដោយចាប់ផ្ដើមតាំងពីម៉ោងជាង២រសៀលរហូតដល់ម៉ោងជាង៥ល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ខណៈជុំហ៊ានដំបូងបង្ក្រាបល្បែង«ឆ្នោតវៀតណាម» និងឃាត់ខ្លួនអ្នកកត់ឆ្នោតបានម្នាក់ឈ្មោះ តាំង ស៊ុនផេង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកត់កន្ទុយលេខ ស្នាក់នៅត្រង់ចំណុចកើតហេតុ ក្នុងផ្ទះគ្មានលេខ ផ្លូវលេខ៩០៧ ស្ថិតក្នុងក្រុម១១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងដកហូតបានវត្តុតាងដូចជា ក្រដាស់កត់ឆ្នោត ម៉ាស៉ីនគិតលេខ១ ប៊ិច៣ដើម ក្រដាស់ចេញសេរីឆ្នោត និងត្រាវាយថ្ងៃខែឆ្នាំចំនួន១។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា បន្ទាប់ពីបង្ក្រាបល្បែង «ឆ្នោតវៀតណាម» រហូតដល់ម៉ោងជាង៣រសៀល កម្លាំងនគរបាលក៍នៅតែសហការបន្តទិសដៅទៅបង្ក្រាបនូវជុំហ៊ានទី២ មួយកន្លែងទៀតចំពោះល្បែង «ហ្គេមបាញ់ត្រី» និងឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមឈ្មោះ ប៊ុន សុខលី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅត្រង់ចំណុចកើតហេតុ ក្នុងផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងក្រុមទី២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រួមទាំងដកហូតបានក្រាមសថ្លា ជាថ្នាំញៀន១កញ្ចប់ ថង់ប្លាស្ទិចសម្រាប់ច្រក គ្រឿងញៀនមួយចំនួន រួមជាមួយទូរហ្គេមបាញ់ត្រីចំនួន៣គ្រឿង។

មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបល្បែងស៉ីសងចំនួន២ករណី ត្រូវបានបញ្ចប់ ហើយក៍បន្តទៅលបឆ្មក់ទៅបង្ក្រាបជនជួញដូរ និងប្រើប្រាស់គ្រឿញៀនចំនួន៥នាក់បន្ថែមទៀតទី១-ឈ្មោះ ចិន ភក្ដី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ «ជាអ្នកជួញដូរ» ទី២-ឈ្មោះ ស្រែង រឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ «អ្នកជួញដូរ» ទី៣-ឈ្មោះ រី រ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅចំណុចកើតហេតុក្បែរទួលលោកតាសក្កិ៥ លើផ្លូវលំ ស្ថិតក្នុងក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី៤-ឈ្មោះ ប៊ុន វិរះ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅវត្តត្រពាំងក្រសាំង ក្នុងខណ្ឌពោធិ៍សែនជ័យ ទី៥-ឈ្មោះ សុខ វិបុល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិរន្ទះបាញ់ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រមទាំងដកហូតបានថ្នាំញៀន១កញ្ចប់ ជញ្ជីងថ្លឹងចំនួន២ ថង់សម្រាប់ច្រក និងសម្ភារប្រើប្រាស់មួយចំនួន និងដាវកែឆ្នៃចំនួន២ដើម។

មន្ត្រីនគរបាលដដែល បានបញ្ជាក់ទៀតថា ក្រោយបង្ក្រាបជនប្រប្រត្តល្បែងស៉ីសងទាំង «ហ្គេមបាញ់ត្រី» និង «ឆ្នោតវៀតណាម» រួមជាមួយជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់ បូករួមវត្ថុតាងដែលដកហូតបានពីសកម្មភាព ត្រូវនាំមកសាកសួរបន្ថែម នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕