(ភ្នំពេញ)៖ ដំណឹងនៃកិច្ចដំណើរការបូមប្រេងចេញ ពីបាតសមុទ្ររបស់កម្ពុជា បានធ្វើឲ្យប្រជាជនខ្មែរអន្ទះសារ ចង់ដឹង ចង់ឃើញឆាប់ៗ ព្រោះសង្ឃឹមថា នៅពេលកម្ពុជា មានលទ្ធភាពក្នុងផលិតប្រេងដោយខ្លួនឯងនោះ តម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះ រួមទាំងនឹងជួយឲ្យប្រទេសកម្ពុជា មានសេដ្ឋកិច្ចកាន់តែរីកចម្រើនឡើងថែមទៀត។
អ្វីដែលចាប់អារម្មណ៍នោះ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ រោងចក្រចម្រាញ់ប្រេងកាត ដំបូងគេបង្អស់នៅកម្ពុជា ដែលមានតម្លៃរហូតដល់ជាង៦០០លានដុល្លារ ដោយដំណាក់ដំបូង អាចផលិតបានប្រមាណ២លានតោនប៉ុណ្ណោះក្នុងមួយឆ្នាំនោះ បានបើកការដ្ឋានសាងសង់ជាផ្លូវ នៅលើទឹកដីខេត្តព្រះសីហនុ។
ការសង់រោងចក្រនេះ នាំឲ្យមានចម្ងល់ដល់ប្រជាពលរដ្ឋ ដោយពួកគាត់លើកឡើងថា «រោងចក្រចាប់ផ្តើមសាងសង់ហើយ ចុះការបូមប្រេងរបស់កម្ពុជាវិញ តើនឹងចាប់ផ្តើមនៅឆ្នាំណា? បើម្តងថា ឆ្នាំនេះ ម្តងថាឆ្នាំនោះ?»។
ពាក់ព័ន្ធចម្ងល់របស់ប្រជាពលរដ្ឋនេះ អង្គភាពព័ត៌មាន Fresh News បានធ្វើការសម្ភាសន៍ លោក ឌិត ទីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ដោយលោកបានបញ្ជាក់ថា ការចរាចបូមប្រេងរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន ដែលទទួលសិទ្ធិវិនិយោគបន្តនៅប្លុក A គឺក្រុមហ៊ុន KrisEnergy បាននិងកំពុងដំណើរកិច្ចពិភាក្សា ឈានដល់ដំណាក់កាលចុងក្រោយហើយ។
លោកថា ប្រសិនបើរាជរដ្ឋាភិបាល និងក្រុមហ៊ុន ពិភាក្សាឈានដល់ការចុះកិច្ចព្រមព្រៀងរួចនោះ គឺរយៈពេល២៦ខែក្រោយ ការបូមប្រេងចេញពីសមុទ្រកម្ពុជា នឹងចាប់ដំណើរការភ្លាម។
លោក ឌិត ទីណា បានបញ្ជាក់ថា «ក្នុងដំណាក់កាលនាពេលនេះ យើងកំពុងចរចាជាមួយក្រុមហ៊ុន KrisEnergy បើសិនជាស្អែកយើងចុះហត្ថលេខាឯកភាពទាំងអស់គ្នានោះ២៦ខែក្រោយ អាចផលិតប្រេងបានហើយ។ ប៉ុន្តែយើងក៏ត្រូវមើលក្ខណៈសេដ្ឋកិច្ចផងដែរ នៅក្នុងពេលដែលតម្លៃប្រេង អាចនៅមិនទាន់សមរម្យ (តម្លៃថោក) តើយើងគួរប្រញាប់ ធ្វើការបូមប្រេងដែរឬទេ? ឧបមាថា ប្រេងវាស្ថិតក្នុងតម្លៃដែលមិនអាចឲ្យយើង ទទួលបានផលល្អ តើយើងគួរប្រញាប់ដែរឬអត់? ត្រូវដឹងថា ប្រេងនេះវាអត់ផ្អោមទេ វានៅជាមួយយើងហ្នឹងហើយ យើងនៅចរាចាដើម្បីរកផលប្រយោជន៍ច្រើនដល់ប្រទេសយើង»។
លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យការចរាចាជាមួយក្រុមហ៊ុន KrisEnergy ឆាប់ចប់ ប៉ុន្តែក៏មិនត្រូវយកពេលវេលាបង្ខំ នាំឲ្យបាត់ប្រយោជន៍ប្រទេសជាតិដែរ។ យ៉ាងណាលោកមិនអាចបញ្ជាក់ច្បាស់ពីពេលវេលា ក្នុងការចរចាជាមួយក្រុមហ៊ុន KrisEnergy ថានឹងបញ្ចប់នៅពេលណាទេ ប៉ុន្តែលោកបញ្ជាក់ថា ជិតបញ្ចប់ហើយ ក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រុមហ៊ុន KrisEnergy ជាក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ទទួលបានសិទ្ធិគ្រប់គ្រងការបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា បន្ទាប់ទិញសិទ្ធិគ្រប់គ្រងពីក្រុមហ៊ុន Chevon របស់អាមេរិក។
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ រោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅកម្ពុជា ដែលគ្រោងចំណាយថវិកាសាងសង់ដំណាក់កាលទី១ រហូតទៅដល់៦២០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧកញ៉ា ហាន់ ឃៀង អគ្គនាយកប្រតិបិត្តក្រុមហ៊ុន Cambodian Petrochemical Co.,Ltd បានថ្លែងថា ក្រុមហ៊ុនរបស់លោកបានទទួលអាជ្ញាបណ្ណពីរាជរដ្ឋាភិបាល សាងសង់រោងចក្រចម្រាញ់ប្រេងកាតនៅខេត្តព្រះសីហនុ ដែលនឹងត្រូវប្រើទុនវិនិយោគប្រមាណ៣ពាន់លានដុល្លារ ហើយមានសមត្ថភាពផលិតប្រេង ៥លានតោនក្នុង១ឆ្នាំ តែដំណាក់កាលដំបូងនេះ ផលិតបានប្រមាណ ២លានតោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ រោងចក្រនេះ ដំណើរការសាងសង់ដំណាក់កាលទី១ នឹងបញ្ចប់នាពាក់ កណ្ដាលឆ្នាំ២០១៩ ហើយដំណាក់កាលទី២ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២២។
ក្រសួងរ៉ែ បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ កម្ពុជាបានប្រើប្រាស់ប្រេងឥន្ទនៈប្រមាណ ១.៨លានតោន ដែលនាំចូលពីបរទេស១០០%៕