(ភ្នំពេញ)៖ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស របស់គណបក្សកាន់អំណាច លោក ពេជ សោភ័ន នៅថ្ងៃអាទិត្យនេះ បានលើកឡើងថា ការដាក់បេក្ខជននាយករដ្ឋមន្ត្រី គឺជាសិទ្ធិផ្តាច់មុខរបស់គណបក្សនយោបាយ គ្មានជនណាអាចជ្រៀតជ្រែកបានឡើយ ហើយថា ការដាក់បេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា
លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ។
លោកថ្លែងទៀតថា បេក្ខជននាយករដ្ឋមន្ត្រី អាស្រ័យលើគណបក្សជាអ្នកជ្រើសរើស និងជាសិទ្ធិផ្តាច់មុខរបស់គណបក្សនយោបាយ គ្មានជនណាជ្រៀតជ្រែកបានឡើយ។ សម្រាប់គណបក្សប្រជាជន នៅតែបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី។ ដូច្នេះ បើប្រជាជននៅតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្តេចតេជោហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រីដដែល មិនអាចថាសម្តេចកាន់អំណាចយូរនោះទេ ហើយក៏មិនត្រូវថ្នាំងថ្នាក់ដែរ វាអាស្រ័យលើឆន្ទៈប្រជាជនទេ ជាអ្នកសម្រេច គ្មានអ្នកណា ធំជាងប្រជាជនទេ។
លោកបានបន្តទៀតថា សម្តេចតេជោមានឆន្ទៈមោះមុតក្នុងការដឹកនាំ ទើបប្រជាជនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់អាណត្តិ ដែលសម្តេចតេជោ បានធ្វើនាយករដ្ឋមន្ត្រីរហូត។ លោកថ្លែងថា «បើឡើងកាន់អំណាចតាមឆន្ទៈប្រជាជន មូលហេតុអីបានជាចោទថាកាន់អំណាចយូរ។ ចុះសម រង្សី ដែលប្រជាជន មិនបោះឆ្នោតឲ្យ ហើយនៅតែក្រាញននៀលនៅតែឈរឈ្មោះទៀតនោះយ៉ាងម៉េចដែរ? ហើយ សម រង្សី មានអាយុច្រើនជាងសម្តេចតេជោ ៤ - ៥ ឆ្នាំទៅទៀត ម៉េចមិនថាចាស់ផង»។
លោក ពេជ សោភ័ន ក៏បានរលឹកអំពីវីរភាព សម្តេចតេជោ ហ៊ុន សែន ក្នុងការនាំមកនូវសន្តិភាព ជូនប្រទេសកម្ពុជា និងប្រជាពលរដ្ឋ។ លោកថ្លែងថា នៅក្នុងភាពយុវវ័យ សម្តេចតេជោ ហ៊ុន សែន បានភ្ញាក់រលឹកតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ រត់ចូលព្រៃម៉ាគី តស៊ូវាយផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ ងើបឡើងប្រមូលកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ស្រោចស្រង់ជីវិតប្រជាជនកម្ពុជា រួចផុតពីការកាប់សម្លាប់ បានទាន់ពេលវេលា ធ្វើឲ្យមានស្ថិរភាពជីវភាព រស់នៅរបស់ប្រជាជន ដាក់ចេញនយោបាយបង្រួបបង្រួមជាតិ នាំមកនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ដាក់ចេញនយោបាយឈ្នះ ឈ្នះ នាំដល់ការរលំរលាយអង្គការចាត់តាំងនយោបាយយោធា នាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិ បើកផ្លូវឲ្យមានការអភិវឌ្ឈ រីកចម្រើនមកដល់ សព្វថ្ងៃនេះ៕