(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានត្រឡប់មកដល់កម្ពុជាវិញហើយ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានទៅសម្រាកព្យាបាលជំងឺអស់រយៈពេល ៣ថ្ងៃនៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើទំព័រ Facebook រ​បស់សម្តេចនៅមុននេះបន្តិចយ៉ាងដូច្នេះថា៖ «ខ្ញុំបានវិលត្រឡប់មកដល់កម្ពុជា
វិញជាមួយនឹងសុខភាពយ៉ាងល្អប្រសើរ។ ចៅៗមួយចំនួនបានមករង់ចាំទទួលជីតា​ ដោយការនឹករលឹក។ សូមអរគុណបងប្អូនជនរួមជាតិ ដែលបានផ្ញើសារជូនពរខ្ញុំនិងបារម្ភពីសុខភាពរបស់ខ្ញុំ»

មន្ត្រីបានឲ្យដឹងថា ស្ថានភាពជំងឺរបស់សម្តេចបានវិលមករកប្រក្រតីភាពជាធម្មតា ហើយក៏អាចបំពេញការងារជូនប្រទេសជាតិ ដោយគ្មានឧបសគ្គនោះឡើយ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចេញទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ។

ជាការកត់សម្គាល់ជាមួយដំណឹងនៃការមានជំងឺ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ប្រជាពលរដ្ឋខ្មែរជាច្រើន បានចូលមកសម្តែងសមានចិត្តមនោសញ្ចេតនា អាណិតអាសូរ ព្រមទាំងបានជូនពរជាបន្តបន្ទាប់ឲ្យសម្តេចឆាប់បានជាសះស្បើយពីជំងឺ ដែលក្នុងនោះរួមមានទាំងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់លោក សម រង្ស៊ី ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានជូនពរសម្តេចក្នុងពេលសម្រាកព្យាបាលជំងឺនៅប្រទេសសិង្ហបុរី។

ជាមួយដំណើរនិវត្តន៍មកដល់មាតុភូមិដ៏កម្សត់នេះវិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឡូកជីវិតក្នុងសមរភូមិសង្រ្គាមតាំងពីវ័យជាង ១០ឆ្នាំរូបនេះ នឹងត្រូវបន្តការងារយ៉ាងមមាញឹកទៀត។ តាមកម្មវិធីដែលបានដាក់ចេញ ពេញមួយសប្តាហ៍ក្រោយនេះ សម្តេចនាយករដ្ឋមន្រ្តី នឹងត្រូវអញ្ជើញជាអធិបតីក្នុងកម្មវិធីជាច្រើនទាំងកម្មវិធីក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

កម្មវិធីទាំងនោះមានដូចជាការអញ្ជើញប្រារព្ធទិវាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ៨ ឧសភា, បើកសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ, ទិវាអតីតយុទ្ធជនកម្ពុជា, បើកវេទិកាសេដ្ឋកិច្ចពិភាពលោកស្តីពីតំបន់អាស៊ាន ហើយនៅថ្ងៃចុងសប្តាហ៍ នឹងត្រូវអញ្ជើញទៅប្រទេសចិន ដើម្បីចូលរួមវេទិកាផ្លូវមួយ ខ្សែក្រវាត់មួយ៕