(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័តចំពោះជំងឺផ្តាសាយធំ ខណៈដែលរដូវភ្លៀង នៅក្នុងប្រទេសកម្ពុជា បានចូលមកដល់ជាថ្មីម្តងទៀត។
នៅលើទំព័រ Facebook របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កាលពីម្សិលមិញ បានអំពាវនាវយ៉ាងដូច្នេះថា៖ «រដូវភ្លៀងធ្លាក់មកដល់ហើយ សូមប្រុងប្រយ័ត្នឆ្លងជំងឺផ្តាសាយធំ ។ តាមការស្រាវជ្រាវរកឃើញរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀងជារដូវដែលមានឆ្លងជំងឺផ្តាសាយច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza) ដែលបង្កឲ្យមានគ្រុនក្តៅ ឈឺក ក្អកស្ងួត និងអាចវិវត្តន៏ទៅហត់ធ្ងន់ធ្ងរ ដូច្នេះសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ»។
បើតាមនាយកដ្ឋាននេះ, រោគសញ្ញាជំងឺផ្តាសាយបង្កឡើងដោយជំងឺផ្តាសាយរួមមាន៖ គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់។ ដោយឡែកសម្រាប់ការព្យាបាល រួមមានដូចជា ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សម្លាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង។ ក្នុងករណី បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឬវិវត្តន៍ទៅជាហត់ខ្លាំង ត្រូវអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ។ ក្រសួងមានឱសថសម្រាប់ព្យាបាលសម្លាប់មេរោគផ្តាសាយបានឈ្មោះ Tamiflu ។
ការអំពាវនារបស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ពលរដ្ឋជាង ២០០នាក់ នៅខេត្តមណ្ឌលគីរី បានឆ្លងនូវជំងឺផ្តាសាយធំជាបន្តបន្ទាប់៕