(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុនណាហ្គាវើលរយៈពេល ២ឆ្នាំ(២០១៧-២០១៩) ដើម្បីព្រមព្រៀងគ្នាក្នុងកិច្ចគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើនលើឆាកជាតិ និងអន្ដរជាតិ។
កម្មវិធីចុះ MOU ខាងលើនេះ ភាគីទាំងពីរបានព្រមព្រៀងលើលក្ខខណ្ឌចំនួន ៣ចំណុចធំៗ ទី១៖ ក្នុងគោលបំណងចងសម្ព័ន្ធភាព និងអភិវឌ្ឍន៍កីឡាបាល់ទះកម្ពុជា ដោយក្រុមហ៊ុនណាហ្គាវើលសម្រេចផ្ដល់ជូនកញ្ចប់ថវិកាចំនួន ១៤ម៉ឺនដុល្លារជូនសហព័ន្ធដោយគិតចាប់ពីខែមករា ឆ្នាំ២០១៧។ ទី២៖ ណាហ្គាវើលនឹងស្វែងរកគ្រូបង្វឹកអន្ដរជាតិជួយដល់សហព័ន្ធ ដើម្បីដឹកនាំក្រុមបាល់ទះជាតិកម្ពុជារយៈពេល ២ឆ្នាំ និងទី៣ ណាហ្គាវើល បានធានារ៉ាប់រងលើការចំណាយក្នុងការបញ្ជូនកីឡាករទៅហាត់នៅបរទេស ដូចជាការឧបត្ថម្ភប្រាក់បៀរវត្សន៍ ការស្នាក់នៅ និងការថែទាំសុខភាពជាដើម។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា នេះមិនមែនជាលើកដំបូងនេះ ដែលក្រុមហ៊ុនហ្គាវើលជួយជ្រោមជ្រែងដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា ប៉ុន្ដែការចុះ MOU និងជួយជាថវិកាថ្ងៃនេះ គឺជាកម្លាំងចលករមួយដ៏ក្លាខ្លាំងបន្ថែមទៀត ដែលធ្វើឲ្យមន្ដ្រីថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីកម្ពុជាមានទឹកចិត្តខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីលើកមុខមាត់ប្រទេសជាតិលើឆាកអន្ដរជាតិ តាមរយៈវិស័យកីឡា ដូចកីឡាមួយចំនួន ដែលដណ្ដើមបានមេដាយពិភពលោក និងអាស៊ីកាលពីពេលថ្មីៗកន្លងទៅ។ ពិសេសគឺការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣តែម្ដង។
លោក តាន់ស្រ៊ី ចិន លីបគង់ អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុនណាហ្គាវើល បានលើកឡើងថា ក្នុងនាមក្រុមហ៊ុនវិនិយោគក្នុងប្រទេសកម្ពុជា លោកមានមោនទៈភាពក្នុងការរួមចំណែកអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។ ជាក់ស្ដែងវិស័យកីឡា ដែលកន្លងមកណាហ្គាវើល តែងតែជួយដល់សហព័ន្ធមួយចំនួន រួមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេសណាហ្គាវើល ក៏មានក្លឹបបាល់ទាត់កម្រិតលីគកំពូលកម្ពុជាផងដែរ។ ដោយហេតុនេះ លោករំពឹងថា ការសហការជាមួយសហព័ន្ធកីឡាបាល់ទះ នឹងរួមចំណែកលើកស្ទួយវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅប្រកួតប្រជែងដណ្ដើមជ័យលាភីកម្រិតតំបន់ អាស៊ី និងពិភពលោកនាពេលអនាគត៕