ព្រះរាជអាជ្ញាខេត្តកំពង់ធំ បញ្ជាឲ្យកម្លាំងអាវុធហត្ថ និងមេព្រៃ តាមបង្ក្រាបរថយន្តដឹកក្រញូង១គ្រឿង ដែលបានឆ្លងកាត់ខេត្ត
07-05-2017 11:45
(កំពង់ធំ)៖ ព្រះរាជអាជ្ញាសាលាដំបូង ខេត្តកំពង់ធំ លោក អ៊ិត សុធា បានបញ្ជាឲ្យកម្លាំងអាវុធហត្ថ និងមន្រ្តីរដ្ឋបាលព្រៃឈើ តាមបង្ក្រាបរថយន្តម៉ាក កាមេរី បាឡែន១គ្រឿង ពណ៌ខ្មៅ ដែលដឹកឈើក្រញូងពេញ១រថយន្ត ឆ្លងកាត់ខេត្តកំពង់ធំ នៅផ្លូវជាតិ៦ ក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១៖០០នាទីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ រវាងកម្លាំងអាវុធហត្ថស្រុកបារាយណ៍ និងមន្រ្តីរដ្ឋបាលព្រៃឈើ ដោយដកហូតរថយន្ត ម៉ាកកាមេរីបាឡែន ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២Q-៤០១១ ដោយរកឃើញឈើក្រញូង ស្ដុកឡើងពេញរថយន្តតែម្ដង។
លោក ឃុន ប៊ុនហួរ មេបញ្ជាការអាវុធហត្ថស្រុកបារាយ បានប្រាប់មកអង្គភាព Fresh News នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ ថានៅវេលាម៉ោង១១៖០០នាទី យប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំងរបស់លោក បានសហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ បានស្ទាក់ចាប់រថយន្តម៉ាកកាមេរី បាឡែន នៅចំណុចឃុំបឹង ស្រុកបារាយ ប៉ុន្ដែអ្នកបើកបរបានរត់គេចខ្លួនចូលទៅក្នុងឃុំបាត់ ដោយសារតែយប់ជ្រៅ។
បន្ទាប់ពីបង្ក្រាបបានហើយ លោក ឃុន ប៊ុនហួរ បានប្រគល់ទាំងរថយន្ត ទាំងឈើខាងលើនេះ ជូនដល់មន្រ្តីរដ្ឋបាលព្រៃឈើ ដើម្បីវាស់វែង និងចាត់វិធានការតាមនីតិវិធីបន្តទៀត៕