(តាកែវ)៖ ខណៈការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងខិតចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ នៅថ្ងៃអាទិត្យនេះ បានបង្ហើពីសារនយោបាយប្រាប់ដល់ប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា ជានិម្មិតរូបនៃសន្តិភាព ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព និងការអភិវឌ្ឍ។
លោក ពេជ សោភ័ន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ។
អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ បានលើកឡើងនូវសារនយោបាយមួយចំនួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ យ៉ាងដូច្នេះថា៖
- ការបោះឆ្នោតគាំទ្រគណបក្សទេវតា ដើម្បីផ្លាស់ប្តូរពីផ្លូវដីជនបទ ទៅជាផ្លូវចាក់កៅស៊ូ ។
- ការបោះឆ្នោតគាំទ្របក្សទេវតា ដើម្បីផ្លាស់ប្តូរពីជីវភាពរស់នៅអន់ថយទៅជាមានជីវភាពស៊ីវីល័យ រីកចម្រើនជឿនលឿន ដូចអារ្យប្រទេស ។
- ការបោះឆ្នោតគាំទ្របក្សទេវតា ដើម្បីភូមិ-ឃុំរីកចម្រើនលើគ្រប់វិស័យ។
- ការបោះឆ្នោតគាំទ្របក្សទេវតា ដើម្បីមានការផ្លាស់ប្តូរពីការលំបាកក្នុងការងារបង្កបង្កើនផល កសិកម្ម អន់ថយ ទៅជាផលិតកម្មជឿនលឿន ទិន្នផលខ្ពស់ និងធានាគុណភាព លក់បានតម្លៃខ្ពស់ ។
- ការបោះឆ្នោតគាំទ្របក្សទេវតា ដើម្បីមានសិទ្ធិសេរីភាពទូលំទូលាយថែមទៀត ក្នុងជីវភាពរស់នៅ ។
- ការបោះឆ្នោតគាំទ្របក្សទេវតា ដើម្បីផ្លាស់ប្តូរពីការខ្វះប្រព័ន្ធស្រោចស្រពទឹកសំរាប់បង្កបង្កើនផលទៅជាមានប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់សំរាប់ធានាដល់ការបង្កបង្កើនផល ។
- ការបោះឆ្នោតគាំទ្របក្សទេវតា ដើម្បីផ្លាស់ប្តូរពីមិនទាន់មានអនុវិទ្យាល័យទៅជាមានអនុវិទ្យាល័យនៅគ្រប់ឃុំ សង្កាត់ និងឈានដល់មានវិទ្យាល័យទៀតផង ។
- ការបោះឆ្នោតគាំទ្របក្សទេវតា ដើម្បីផ្លាស់ប្តូរពីមិនទាន់មានប៉ុស្តិ៍សុខភាពទៅជាមានប៉ុស្តិ៍សុខភាពគ្រប់ឃុំ សង្កាត់ និងមានសេវាល្អជូនប្រជាជន ។
- ការបោះឆ្នោតគាំទ្របក្សទេវតា ដើម្បីផ្លាស់ប្តូរឱ្យប្រជាជនមានជីវភាពរស់នៅប្រកបដោយផាសុខភាព មានអនាម័យ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងមានបង្គន់អនាម័យគ្រប់ខ្នងផ្ទះ ។
ក្រៅពីលើកឡើងអំពីសារនយោបាយដ៏គួរឱ្យចាប់អារម្មណ៍នេះ លោក ពេជ សោភ័ន ក៏បានរលឹកអំពីវីរភាព សម្តេចតេជោ ហ៊ុន សែន ក្នុងការនាំមកនូវសន្តិភាព ជូនប្រទេសកម្ពុជា និងប្រជាពលរដ្ឋ។ លោកថ្លែងថា នៅក្នុងភាពយុវវ័យ សម្តេចតេជោ ហ៊ុន សែន បានភ្ញាក់រលឹកតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ រត់ចូលព្រៃម៉ាគី តស៊ូវាយផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ ងើបឡើងប្រមូលកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ស្រោចស្រង់ជីវិតប្រជាជនកម្ពុជា រួចផុតពីការកាប់សម្លាប់ បានទាន់ពេលវេលា ធ្វើឲ្យមានស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន ដាក់ចេញនយោបាយបង្រួបបង្រួមជាតិ នាំមកនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ដាក់ចេញនយោបាយឈ្នះ ឈ្នះ នាំដល់ការរលំរលាយអង្គការចាត់តាំងនយោបាយយោធា នាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិ បើកផ្លូវឲ្យមានការអភិវឌ្ឈ រីកចម្រើនមកដល់ សព្វថ្ងៃនេះ៕