(កោះកុង)៖ សេចក្តីរាយការណ៍ព័ត៌មានពីភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៧ ខែឧសភានេះថា មានកម្មការីនីរោងចក្រ YASAKI ចំនួន១៨នាក់ដួលសន្លប់ នាម៉ោង១២៖៥០នាទីយប់ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ហើយត្រូវបានបានខាងក្រុមហ៊ុន ដឹកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា កម្មការិនីទាំង១៨នាក់ បានធូរស្រាលវិញហើយ គិតមកដល់ម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី៧ ខែឧសភានេះ ដោយរមានការយកចិត្តទុកដាក់ ពីក្រុមលោកគ្រូពេទ្យ។
កម្មការិនីដែលដួលសន្លប់ កំពុងសម្រាក់ព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាននិយាយថា ពួកគាត់ដែលដួលសន្លប់ មិនមែនជាការពុលអាហារអ្វីទេ ដោយសារតែក្នុងរោងចក្រខ្វះឧកស៊ីសែន បូករួមអាកាសធាតុក្តៅផងដែរ ព្រោះអគ្គិសនីក្នុងរោងចក្រធ្លាក់ចុះ ម៉ាស៉ីនត្រជាក់ដំណើរការអត់គ្រប់គ្រាន់ ធ្វើឲ្យអាកាសធាតុក្នុងរោងចក្រឡើងកំដៅ។
លោក យុគ សង្វាត ប្រធានមន្ទីរការងារខេត្ត បានឲ្យដឹងតាមទូរស័ព្ទថា ចំពោះកម្មការិនីដែលដួលសន្លប់ទាំង១៨នាក់ បានធូរស្រាលឡើងវិញហើយ ដោយសារក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ខ្លាំងចំពោះពួកគាត់ ហើយមូលហេតុការដួលសន្លប់ គឺបណ្តាលមកពីអគ្គិសនីក្នុងរោងចក្រចុះខ្សោយម៉ាស៊ីនត្រជាក់ដំណើរការអត់គ្រប់ ធ្វើឲ្យអាកាសធាតុក្នុងរោងចក្រឡើងកំដៅ ហើយកម្មការិនីខ្លះគាត់មិនសូវស្រួលខ្លួនផង ពេលអាកាសធាតុក្តៅទៀត វាធ្វើឲ្យប៉ះពាល់សុខភាព ក៏ដួលសន្លប់តែម្តងទៅ។
លោក ម៉ែន សាម៉េត នាយករដ្ឋបាលមន្ទីរពេទ្យខេត្ត បានឲ្យដឹងថា ចំពោះកម្មការនីរោងចក្រ ដែលដួលសន្លប់មកសម្រាក នៅក្នុងមន្ទីរពេទ្យខេត្តនេះ មិនតម្រូវឲ្យបង់លុយទេ គឺមន្ទីរជួយទាំងអស់៕