(កណ្ដាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានទី១ គណៈពង្រឹងស្រុកកៀនស្វាយ ខេត្តកណ្តាល និងជាប្រធានក្រុមការងារ ចុះជួយ ឃុំភូមិធំ ឃុំគគីរ និងឃុំដីឥដ្ឋ បានប្រកាសផ្ដល់ម៉ូតូ Zoomer-X ១គ្រឿង សម្រាប់សិស្សជាប់បាក់ឌុប គ្រប់រូបដោយមិនកំណត់ចំនួន ឲ្យតែទទួលបាននិទ្ទេស A និងអ្នកដែលជាប់បាក់ឌុប ទទួលបានម្នាក់ៗ ៣០ម៉ឺនរៀល នៅក្នុងឆ្នាំ២០១៧នេះ ទូទាំងស្រុកកៀនស្វាយ ។

ការប្រកាសបែបនេះ របស់លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានទី១គណៈពង្រឹងស្រុកកៀនស្វាយ ខេត្តកណ្តាល បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ ស្របពេលដែលលោក ទៅចុះជួបសំណេះសំណាល ជាសិស្សានុសិស្សថ្នាក់ទី១២​ និងលោកគ្រូ អ្នកគ្រូ ជាង៤០០នាក់ ដែលមានប័ណ្ណបោះឆ្នោត នៅក្នុងរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងពិធីសំណេះសំណាលនេះផងដែរ លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើង អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្ដិភាពដូចសព្វថ្ងៃ ក៏ដោយសារតែ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសជាតិ។

លោកថា «សព្វថ្ងៃនេះ បើយើងអត់មានសុខសន្ដិភាព យើងក៏មិនអាចរៀនសូត្រ និងមិនអាចមានឱកាសមកអង្គុយនៅទីនេះ និងរស់នៅបានសុខសាន្តដូចសព្វថ្ងៃបែបនេះដែរ»

ជាមួយនិងការសំណេះសំណាល ប្រកបដោយបរិយាកាសសប្បាយរីករាយខាងលើនេះ លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានឧបត្ថម្ហ ជាថវិកាជូន ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ជាង៤០០នាក់ ក្នុងម្នាក់ៗ៤ម៉ឺនរៀលផងដែរ៕