(ភ្នំពេញ)៖ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន RS Residence និង Lotus Sleep Studio ក្រុមហ៊ុនចែកចាយផលិតផលបន្ទប់គេង និងគ្រឿងសង្ហារឹមដ៏ធំមួយ បានត្រូវបើកសម្ពោធជាផ្លូវការ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចួលរួមពីលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក Nuttavudh Photisaroឯកអគ្គរាជទូតថៃប្រចាំកម្ពុជា។
ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនRS Residence និងLotus Sleep Studio មានទីតាំងស្ថិតនៅអគារលេខ២៧៣ ផ្លូវ១០០៣ បុរីពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងពិធីសម្ពោធជាផ្លូវការនោះ លោក ជា មុនី នាយកក្រុមហ៊ុន RS Residence បានថ្លែងថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសសំណង់អគារខ្ពស់ស្កឹមស្កៃ ផ្ទះវីឡា ផ្ទះល្វែង និងសំណង់បុរីនានា ទន្ទឹមនឹងនេះ កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏កាន់តែប្រសើរឡើង ហើយពួកគាត់ កាន់តែយកចិត្តទុកដាក់ អំពីសុខភាពដំណែកដែលមានសារៈសំខាន់សម្រាប់សុខភាព។
ជាការឆ្លើយតបនឹងការអភិវឌ្ឍ កាលានុវត្តភាព និងតម្រូវការរបស់អតិថិជន លើផលិតផលបន្ទប់គេង និងគ្រឿងសង្ហារឹមរបស់អតិថិជន ទើបក្រុមហ៊ុនRS Residence បានត្រូវបង្កើតឡើងនៅថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១០ ដោយមានចក្ខុវិស័យក្លាយខ្លួនជាបណ្តាញហាងផ្គត់ផ្គង់ផលិតផលបន្ទប់គេងនិងគ្រឿងសង្ហារឹមនាំមុខគេនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ផលិតផលម៉ាក RS Residence ទៅគ្រប់លំនៅដ្ឋានរបស់អតិថិជន។
RS Residence ជាក្រុមហ៊ុនទទួលសិទ្ធចែកចាយផ្តាច់មុខផលិតផលពូក ខ្នើយកម្រាល និងគ្រឿងសង្ហារឹមម៉ាក Lotus, Simmons, King Koil, La-Z-Boy , Windsir, Studio One & Eliza នៅកម្ពុជា។បច្ចុប្បន្ន RS Residence មានទីតាំង៤សាខា នៅចោមចៅ ច្បារអំពៅ មហាវិថីព្រះមុនីវង្ស និងនៅសែនសុខ ព្រមទាំងមានលក់ផលិតផលនៅតាមផ្សារទំនើប និងផ្គត់ផ្គង់តាមសណ្ឋាគារនិងអាផាតមិន ផងដែរ។
លោក ធីបប៉ាកន ឡូសាន់ង៉ូស៊ីន (Teepakorn Lojangosin) នាយកប្រតិបត្តិក្រុមហ៊ុន Lotus Bedding Group បានឲ្យដឹងថា Lotus Bedding Group ចាប់ផ្តើមអាជីវកម្មកាលពី៣៧ឆ្នាំមុន ជាក្រុមហ៊ុនវាយណភណ្ឌតូចមួយ មានបុគ្គលិកតែ៤នាក់ ផលិតកម្រាលពូក។ បច្ចុប្បន្នក្រុមហ៊ុនមានការរីកចម្រើនឈានមុខគេ ក្នុងទីផ្សារប្រទេសថៃដោយមានបុគ្គលិកជាង ២ពាន់នាក់។ក្រុមហ៊ុនផលិត ផលិតផលបន្ទប់គេងដោយដៃសិប្បករក្រោម ម៉ាកយីហោ Lotus Bedding ,Lotus និង Omazz ដែល មានលក់នៅរាប់ពាន់ហាង នៅតាមបណ្តាប្រទេសនានា។ ចាប់តាំងពីឆ្នាំ២០០០មក ក្រុមហ៊ុន បានពង្រីកអាជីវកម្មផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ និងសេវារថយន្តក្រុង មន្ទីរពេទ្យ គ្រឿងសំអាង និងនាំចូលគ្រឿងសង្ហារឹមប្រណីត ហើយ RS Residence ជាអ្នកចែកចាយផ្តាច់មុខ របស់ Lotus Bedding Group លើផលិតផលបន្ទប់គេងនៅកម្ពុជាហើយ លោករំពឹងថាភាពជាដៃគូពាណិជ្ជកម្មនេះ នឹងទទួលបានជោគជ័យ។
ទន្ទឹមនឹងនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវមោទនភាពដែលក្រុមហ៊ុនទាំងពីរប្តេជ្ញា អនុវត្តអាជីវកម្មជាមួយគ្នាក្នុងទិសដៅបន្តការរីកចម្រើនថែមទៀត ក្នុងទីផ្សារកម្ពុជា។ ការវិនិយោគទុននេះ បានចូលរួមមួយផ្នែកជាមួយរដ្ឋាភិបាល ក្នុងនាមវិស័យឯកជនតាមរយៈការផ្គត់ផ្គង់តម្រូវការប្រើប្រាស់នូវផលិតផលទំនើបៗ និងការផ្តល់សេវាកម្មនានា។ លោកបានបញ្ជាក់ថាទៀតថា កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងជីវភាពប្រជាជនកាន់តែប្រសើរ។ សមិទ្ធិផលទាំងនេះកម្ពុជា មិនអាចសម្រេចបានឡើយ បើខ្វះការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ដោយរាប់ទាំងវិស័យឯកជនដែលជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ និងជំរុញដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ការបង្កើតទីផ្សារការងារដើម្បីលើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន និងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយប្រទេសជិតខាងក្នុងនោះរួមមាន ថៃ ឡាវ វៀតណាមនិងបណ្តាប្រទេសជាសមាជិកអាស៊ាន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាក់ស្តែងតម្លៃពាណិជ្ជកម្មរវាងកម្ពុជា និងថៃបានកើនឡើងជាបន្តបន្ទាប់ ហើយប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ សម្រេចឯកភាពជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១៥ពាន់លានដុល្លារ នៅឆ្នាំ២០២០ខណៈតម្លៃពាណិជ្ជកម្ម នៃប្រទេសទាំងពីរមានចំនួនប្រមាណ៥ពាន់លានដុល្លារ នៅឆ្នាំ២០១៥។ សម្រាប់ការវិនិយោគរួមគ្នារវាងវិនិយោគិនកម្ពុជា និងថៃនេះ នឹងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា និងបង្កើនការងារដល់ប្រជាពលរដ្ឋ ពង្រឹងនិងបង្កើនល្បឿននៃកំណើនពាណិជ្ជកម្មកម្ពុជា-ថៃ ក៏ដូចជាទាក់ទាញវិនិយោគផ្សេងៗ៕