(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៤១,៨១៥ដុល្លារ (បួនម៉ឺនមួយពាន់ប្រាំបីរយដប់ប្រាំដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាតចំនួន ១៥បន្ថែមទៀត ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន៣៧៥គ្រួសារ ស្មើនឹងមនុស្ស ២,០២៩នាក់ រស់នៅតំបន់ឆ្ងាយដាច់ស្រយាល ស្ថិតក្នុងឃុំចំនួន ៥ នៃស្រុកកូនមុំ ខេត្តរតនគិរី នៅថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០១៧ នេះ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៤ខែ​ដើមឆ្នាំ២០១៧​នេះ នៅទូទាំងប្រទេសកម្ពុជា​ កាកបាទក្រហមកម្ពុជា ផ្តល់អណ្តូងបានចំនួន១៩១​ និងស្រះទឹកចំនួន៤​ រួចមកហើយ ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានា។ ដោយឡែក​ សម្រាប់តែខេត្តរតនគិរីមួយ ទទួលបានអណ្តូងចំនួន១៤​ រួចមកហើយ​ក្នុងជំហានទី១​នេះ៕