(ប៉ារីស)៖ ប្រជាជនបារាំង នៅថ្ងៃអាទិត្យនេះ នឹងធ្វើការសម្រេចចិត្តជ្រើសរើសជាលើកចុងក្រោយ រវាងបេក្ខជន ប្រធានាធិបតីទំាងពីរ គឺលោក Emmanuel Macron និងលោកស្រី Marine Le Pen ដែលនឹងដឹកនាំបារាំងនារយៈ ពេល០៥ឆ្នាំបន្ទាប់ ក្រោយពីពួកគេបានទទួលជ័យជម្នះ កាលពី ក្នុង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង ជុំទី០១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងការបោះឆ្នោតជុំទី០១ កាលពីថ្ងៃទី២៣ ខែមេសា លោក Macron និង លោកស្រី Le Pen គឺជាបេក្ខជនតែពីរនាក់គត់ ដែលបានឈានចូល បន្តការបោះឆ្នោតជុំទី០២។ អ្នកទំាងពីរ បានបង្កើតប្រវត្តិសាស្ត្រថ្មី សម្រាប់នយោបាយបារាំងនោះគឺ បិទបញ្ចប់ការដឹកនាំរបស់បេក្ខជនមកពី គណបក្សសង្គមនិយម និងគណបក្សសាធារណរដ្ឋ ដែលតែងតែផ្លាស់វេនគ្នាដឹកនាំប្រទេសបារាំង អស់រយៈពេលរាប់សិបទសវត្សរ៍មកនេះ។
គួរបញ្ជាក់ថា កាលពីនៅការបោះឆ្នោតជុំទី០១ លោក Macron បាននាំមុខលោកស្រី Le Pen ដោយទទួលបានសំឡេងគាំទ្រ ២៣.៧ភាគរយ ទល់នឹង២១.៧ភាគរយ។ ជាងនេះទៅទៀត ការស្ទង់មតិជាច្រើន ក៏នៅតែបង្ហាញដដែលថាលោក Macron មានលទ្ធភាពខ្ពស់ថាអាចនឹងឈ្នះ ក្នុងការបោះឆ្នោតជុំទី០២នេះ ដោយប្រជាជនបារាំង ៦២ភាគរយ នឹងបោះឆ្នោតគាំទ្ររូបលោក រីឯ៣៧ភាគរយ គាំទ្រលោកស្រី Le Pen៕