(ប៉ារីស)៖ ថ្វីត្បិតប្រទេសបារាំង មិនត្រូវបានគេចាត់ទុកថា ជាមហាអំណាចពិភពលោកក្តី តែការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងក្នុងឆ្នាំ២០១៧នេះ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងជះឥទ្ធិពលជាខ្លាំងដល់ប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល ដែលឥទ្ធិពលទាំងនោះមានដូចជា៖
* ការចាកចេញរបស់បារាំងពីសហភាពអឺរ៉ុប (Frexit)៖
លោកស្រី Le Pen មានបំណងចង់ ចាកចេញពីសហភាពអឺរ៉ុប ប្រសិនបើលោកស្រី ជាប់ឆ្នោត។ ហើយយោងតាមការសិក្សាដោយវិទ្យាស្ថាន Montaigne បានឱ្យដឹងថា ការចាកចេញរបស់ប្រទេសបារាំងចេញពី EU អាចធ្វើឱ្យបារាំងបញ្ឈប់ការខាតបង់ប្រាក់ចំនួន១៩០ពាន់លានដុល្លារ។ ហើយតាមការពន្យល់ បានបង្ហាញថា ក្រដាស់ប្រាក់របស់បារាំង អាចបង្កឱ្យអត្រាប្តូរប្រាក់ធ្លាក់ចុះ២០ភាគរយនិងបណ្តាលឱ្យអត្រាការប្រាក់ខ្ពស់ជាងមុន បង្កគ្រោះថ្នាក់ដល់ការងារ ផ្សេងៗ រហូតដល់រាប់រយពាន់ការងារ។
* ជនអន្តោប្រវេសន៍៖
ស្របពេលដែលលោកស្រី Le Pen ដាក់សំណើរធ្វើប្រជាមតិចាកចេញពីសហភាពអឺរ៉ុបនោះ លោកស្រី Le Pen ក៏មានបំណងចង់រឹតបន្តឹងព្រំដែន ប្រទេសបារាំងផងដែរ។ យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន CNN បានឱ្យដឹងថា លោកស្រីមានក្តីសង្ឃឹមថា អាចបង្កើតបន្ទាត់ព្រំដែន សម្រាប់ប្រទេស បារាំងឱ្យដូចមុន ដែលជាការកាត់បន្ថយជនអន្តោប្រវេសន៍ស្របច្បាប់រហូតដល់ចំនួន២០០ពាន់នាក់ ទៅ១០ពាន់នាក់ ហើយលោកស្រីក៏មានបំណងចង់ដាក់កម្រិតលើការហូរចូលរបស់ជនអន្តោប្រវេសន៍ ក្នុងការប្រើប្រាស់សេវាកម្មសាធារណៈ។
ក្នុងកម្មវិធីប្រមូលផ្តុំក្នុងទីក្រុងប៉ារីស កាលពីសប្តាហ៍មុន លោកស្រីបេក្ខជនប្រធានាធិបតីរូបនេះបានសន្យាថា «ខ្ញុំនឹងរៀបចំបង្អាក់ការហូរចូលរបស់ ជនអន្តោប្រវេសន៍ស្របច្បាប់ និងធ្វើកំណែទម្រង់ស្ថានភាពដែលពិបាកគ្រប់គ្រងដូចបច្ចុបន្ន»។ លោកស្រីបានបន្ថែមថា «ការហូរចូលនូវជនអន្តោប្រវេសន៍ ជាច្រើនបែបនេះ មិនមែនជាការផ្តល់ផលល្អសម្រាប់បារាំងនោះទេ តែវាជាសោកនាដកម្មសម្រាប់បារាំងទៅវិញទេ។
* វប្បធម៌៖
ក្នុងការបោះឆ្នោតនេះ មានបេក្ខជនពីររូបដែលលេចធ្លោ ហើយទំនងជាអាចជាប់ឆ្នោតក្នុងការបោះឆ្នោតខាងមុខ។ បេក្ខជនទាំងពីរជាមនុស្សជាមនុស្ស ដែលមានទស្សនៈវិស័យផ្ទយគ្នាដាច់ស្រឡះ ក្នុងនោះមានលោក Macron ជាបេក្ខជនដែលគាំទ្រការបើកចំហព្រំដែន ជាមនុស្សសកលភាវូបនីយកម្មនិយម សេរីភាពសាសនា និងជាមនុស្សអធ្យាស្រ័យខ្ពស់។ វាផ្ទុយពីលោកស្រី Le Pen ដែលបានចងភ្ជាប់ខ្លួនលោកស្រីផ្ទាល់ជាមួយនឹងភាពផ្កាប់មុខជ្រុលនិយម ការប្រឆាំងសាសនាឥស្លាម ជាមនុស្សដែលជាតិនិយមខ្ពស់ និងមាននិន្នាការប្លែកៗ។
ការបោះឆ្នោតថ្ងៃទី០៧ ខែឧសភាស្អែកនេះ ជាការប្រណាំងប្រជែងរវាងការបើកចំហរ និងការផ្កាប់មុខជ្រុលនិយម គំនិតអន្តរជាតិនិយម និងគំនិតជាតិ និយមខ្ពស់ការប្រណាំងគ្នារវាងអារម្មណ៍សុទិដ្ឋិយម និងភាពស្អប់ខ្ពើម ក្តីសង្សឹម និងក្តីបារម្ភ។ ទោះបីជាបេក្ខជនរូបណាទទួលបានជ័យជម្នះក្នុងការ បោះឆ្នោតក្តី ពួកគេមិនត្រឹមតែដឹកនាំ ឬជះឥទ្ធិលពលក្នុងប្រទេសបារំាងមួយ ឬក្នុងតំបន់ប៉ុណ្ណោះទេ តែជាក្តីបារម្មណ៍សម្រាប់ពិភពលោកទាំងមូលតែម្តង៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា