(បន្ទាយមានជ័យ)៖ អំណោយរបស់កាកបាទក្រហមខេត្តបន្ទាយមានជ័យ ត្រូវបានឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន យកទៅប្រគល់ជូនពលរដ្ឋ៣៣៣គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ដ្រាក់។ ពិធីនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងបរិវេណវត្តហេមវន្ត័បឹងត្រកួន ភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុក្ខដាក់ជានិច្ច និងជួយស្រោចស្រង់អាយុជីវិតពលរដ្ឋទាំងអស់ នូវពេលមានគ្រោះមហន្តរាយទាំងឡាយ ឬដែលប៉ះពាល់មកលើទ្រព្យសម្បត្តិ។
ជាមួយនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានចាត់ឲ្យកងកម្លាំង ប្រដាប់អាវុធ ការពារព្រំដែន ដែលមាននគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ នៅទីនោះស្រាប់ ឲ្យជួយសាងសង់លំនៅដ្ឋាន ប្រជាពលរដ្ឋរងគ្រោះនេះផងដែរ។
ក្រៅពីនាំអំណោយជូនពលរដ្ឋរងគ្រោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានជូននគរបាលជួយធ្វើផ្ទះប្រជាពលរដ្ឋ ថវិកា២លានរៀល, ជូនយោធាកងពលតូច៥១ ថវិកា២លានរៀល, ជូនយោធាសឹករងខេត្ត ថវិកា១លានរៀល, ជូបកងការពារព្រំដែន៥០៣ ថវិកា១លានរៀល, ជូនសង្ក័សីសម្រាប់ប្រក់ផ្ទះ និងជួសជុល ឡើងវិញដល់ផ្ទះដែលរងគ្រោះធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា អំណោយដែលប្រគល់ជូនក្នុងឱកាសនោះ ក្នុងមួយគ្រូសារទទួលបាន៖ អង្ករ៣០គីឡូ, ត្រីខ១០កំប៉ុង, មី០១កេស, សាប៊ូ០១គីឡូក្រាម, ប្រេងឆា០១លីត្រ, ទឹកត្រី០៣ដប, ទឹកស៊ីអ៊ីវ០៣ដប, ប្លាស្ទីក០១ផ្ទាំង (សម្រាប់គ្រួសារធ្ងន់), មុង០១, ភួយ០១, សារ៉ុង០១, ក្រម៉ា០១ និងថវិកា២០,០០០រៀល៕