(ភ្នំពេញ)៖ តាមរយៈ Facebook របស់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន Comment ឆ្លើយតបវិញទៅកាន់លោក សម រង្ស៊ី ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម សម រង្ស៊ី ដែលបានជូនពរខ្ញុំ ក្នុងពេលដែលខ្ញុំមានជម្ងឺ។ ខ្ញុំក៏សុំយកឱកាសនេះជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបតែសេចក្តីសុខ»។

ការ Comment ឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួនឯងទៅក្រៅប្រទេស បានជូនពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យឆាប់ជាសះស្បើយឡើងវិញ នាគ្រាដែលសម្តេចតេជោ ហ៊ុន សែន មានជំងឺ ហើយកំពុងសម្រាកនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី។

ជាមួយនឹងការបង្ហោះរូបភាពសម្តេចតេជោ ហ៊ុន សែន នាថ្មីៗនេះលោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា «My best wishes for a full and speedy recovery to Prime Minister Mr. Hun Sen» ដែលមានន័យថា «សូមជូនពរគ្រប់យ៉ាងដោយអស់ពីចិត្ត ជូនដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យបានឆាប់ជាសះស្បើយពេញលេញឡើងវិញ»។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនែកម្ពុជា បានចាកចេញពីប្រទេស ទៅពិនិត្យ និងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី ហើយប្រកាសវិលមកកម្ពុជាវិញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ។

 

ខាងក្រោមនេះជាសាររបស់លោក សម រង្សី ជូនពរសម្តេចតេជោ ហ៊ុន សែន នៅលើ Twitter.