(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ បានថ្លែងថា វីរៈជនពិតប្រាកដដែលស្នេហាជាតិ មិនមែនអ្នកដែលដើរ ស្រែកជំទាលជេរគេឯងនោះទេ វីរៈជនពិតប្រាកដ គឺបងប្អូនអតីតយុទ្ធជនរបស់យើង មិនបាច់ដើររកនោះទេ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីអបអរសារទរខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ២០០៧-២១ មិថុនា ២០១៧ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ ថ្នាក់ដឹកនាំសមាគន៍ អតីតយុទ្ធជនជាច្រើនរួបទៀត។
នាយឧត្តមសេនីយ៍ បានលើកឡើងថា កន្លងមកមានការយល់ច្រឡំខ្លះ ដោយអ្នកខ្លះ គ្រាន់តែដើរស្រែកជេរគេ ជេរឯង ត្រូវបានគេលើកតម្កើន ថាជាវីរៈជន ជាអ្នកស្នេហាជាតិ ត្រង់ចំណុចនេះ លោកសូមធ្វើការបដិសេធថា វីរៈជនស្នេហាជាតិ ពិតប្រាកដគឺបងប្អូនអតីតយុទ្ធជននេះហើយ មិនបាច់រកឯណាឆ្ងាយនោះទេ ព្រោះបងប្អូនអតីតយុទ្ធជន បានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ រហូតអ្នកខ្លះបានពលីជីវិត និងក្លាយជាជនពិការរហូតមកដល់សព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍ មាស សុភា បន្ថែមថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា គឺសម្តេចមានការគិតគូរខ្លាំងណាស់ ចំពោះសុខទុក្ខ និងការរស់នៅរបស់អតីតយុទ្ធជនរបស់យើងគ្រប់ទីកន្លែងរាជធានី-ខេត្ត ដោយក្នុងនោះរាជរដ្ឋាភិបាល បានតំឡើងប្រាក់បៀវត្តន៍ជូន មានការបើកប្រាក់បៀវត្តន៍ទៀងទាត់ តាមរយៈធានាគារផ្តល់ដី និងធ្វើផ្ទះជូនគ្រួសារអតីតយុទ្ធជន ដែលក្រីក្រជួបការលំបាកទៀតផង។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា សមាគមន៍អតីតយុទ្ធជនកម្ពុជា គឺជាសមាគមន៍ឯករាជ្យ មិនប្រកាន់និន្នាការនយោបាយនោះទេ គឺត្រូវទទួលបានការគិតគូរយកចិត្តទុកដាក់ដូចៗគ្នាទាំងអស់។
ជាមួយគ្នានោះ លោកបានធ្វើការកោតសរសើរ ដល់សមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ពិសេសលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្ត ដែលបានគិតគូរយកចិត្តទុកដាក់ ដោះស្រាយការលំបាក របស់បងប្អូនបានទាន់ពេលវេលា៕