(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា «កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាល រវាងអាស៊ាន-ជប៉ុន» បានផ្តល់ឱកាសដ៍ល្អសម្រាប់ បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល អាស៊ាន-ជប៉ុន ស្វែងរកវិធីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ នៅក្នុងសេដ្ឋកិច្ចរបស់យើង។
លោកបានបន្តលើកឡើងថា «យើងគ្មានជម្រើសណាផ្សេងដែលល្អជាង ការបន្តពង្រឹងការអនុវត្តនូវគំនិត ផ្តួចផ្តើម ទាំងឡាយនៅក្នុង ក្របខណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ដែលមានស្រាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងកសាងវិបុលភាព នៅក្នុងតំបន់នោះទេ»។
លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរ អំពីតួនាទីដ៏សំខាន់របស់ជប៉ុននៅក្នុងអាស៊ាន ដោយសារប្រទេសជប៉ុន គឺជាដៃគូ និងជាប្រភពដ៍ធំបំផុត នៃការវិនិយោគក្នុងប្រទេសអាស៊ាន និងជាដៃគូពាណិជ្ជកម្មធំលំដាប់ទីបីរបស់អាស៊ានផងដែរ។
លោក វង្សី វិស្សុត បានលើកឡើងខណៈ លោកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល អាស៊ាន-ជប៉ុន នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន ។
កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានជប៉ុន និងអាស៊ានបូកបី ដឹកនាំដោយឯកឧត្តម Taro Aso ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសជប៉ុន និងលោក Haruhiko Kurodaទេសាភិបាល នៃធនាគារជប៉ុន ។ លោក ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិកម្ពុជា ក៏បានចូលរួមនៅក្នុងអង្គប្រជុំនេះផងដែរ។
លោក វង្សី វិស្សុត បានលើកឡើងថា ឆ្នាំ២០១៧នេះ មិនមែនគ្រាន់តែសំខាន់ សម្រាប់ អាស៊ានក្នុងការរំលឹកខួបទី៥០ ប៉ុណ្ណោះទេ តែឆ្នាំនេះ ក៏ជាខួបទី២០ នៃអាស៊ានបូក៣ផងដែរ។ ជាងនេះទៅទៀតឆ្នាំនេះក៍ត្រូវចំខួប ២០ឆ្នាំ នៃវិបត្តិហិរញ្ញវត្ថុអាស៊ានធ្វើឱ្យតំបន់អាស៊ាន បានជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកក៏បានសំដែងនូវអំណរគុណ ដ៏ជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់ជប៉ុននៅក្នុងកិច្ច ដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណាក់កាល នៃការស្វែងរកសន្តិភាព និងការរក្សាសន្តិភាព ព្រមទាំង ការស្តារ និងការអភិវឌ្ឍកម្ពុជា។
គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន-ជប៉ុន លើកទី៤ ត្រូវបានរៀបចំ នៅក្នុង ឆ្នាំ២០១៧នេះ គឺក្នុងគោលដៅដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុរវាងជប៉ុនជាមួយបណ្តាប្រទេសសមាជិក នៅក្នុង តំបន់អាស៊ាន និង ដើម្បីអបអរសាទរចំពោះខួបទី៥០ របស់អាស៊ាន និងខួបទី៥០ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជប៉ុនកំពុង ទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចំាឆ្នាំ៕