(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ រួមនិងមន្ត្រីក្រុមការងារមួយចំនួនទៀត ក្នុងរយៈពេល៣ថ្ងៃ ជាប់គ្នាថ្ងៃនេះ នៅតែបន្តចុះទៅសំណេះសំណាល សួរសុខទុក្ខ និងចែកថវិកាជូនប្រជាពលរដ្ឋ និងមន្ត្រីដែលសម្រាលកូនរួច «ចំនួន១លាន៩សែន៧ម៉ឺនរៀល» ដើម្បីជូនពួកគាត់តាមខ្នងផ្ទះនីមួយៗក្នុង៩០គ្រួសារ និងដើម្បីបង្កើនភាពជិតស្និទ្ធ និងជាចំណងដៃអនុស្សាវរីយ៍ រវាងថ្នាក់ដឹកនាំ និងពលរដ្ឋក្នុងមូលដ្ឋាន។
លើសពីនេះដែរ លោក ជា ពិសី បានប្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាច្រើនគ្រួសារថា «សូមជួយផ្ដល់សេចក្ដីទុកចិត្តជូនបេក្ខភាពចៅសង្កាត់ផង» ហើយក៏សូមឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា «ហើយបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាយើង» ដើម្បីឲ្យលោកចៅសង្កាត់ បានបន្តដឹកនាំ និងចាំជួយយើងបន្តទៀត «ព្រោះនៅសល់តែ៣០ថ្ងៃទៀតប៉ុណ្ណោះ គឺជាថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ»។
ការសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ តាមខ្នងផ្ទះជាបន្តបន្ទាប់នេះ លោក ជា ពិសី បានថ្លែងថា «ប្រសិនជាចង់ឲ្យលោកចៅសង្កាត់ បានបន្តដឹកនាំ និងបន្តជួយយើងទៀត សូមជួយផ្ដល់សេចក្ដីទុកចិត្ត ដល់ចៅសង្កាត់ផង ពិសេស «សូមកុំខឹងគោវាយរទេះ» បើខឹងអ្នកណាស្ដីបន្ទោសឲ្យអ្នកនោះទៅ «តែសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៣ រហូតមកដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ លោកអភិបាលខណ្ឌ និងលោកស្រី អាន ផល្លា នៅតែបន្តដឹកនាំមន្ត្រី ចុះទៅសំណេះសំណាល សួរសុខទុក្ខ និងចែកថវិកាជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះចំនួន៩០គ្រួសារទៀត នៅសង្កាត់ច្រាំងចំរេះ១ និងសង្កាត់ទួលសង្កែទី២ ក្នុងមូលដ្ឋានភូមិ១ និងភូមិបឹងរាំង។
ក្នុងដំណើរចុះសួរសុខទុក្ខ និងចែកថវិកាខាងលើនេះ ក៏មានការចូលរួមពី បេក្ខភាពចូលរួមដំណើរពីចៅសង្កាយ់ច្រាំងចំរេះ១ លោក ហ៊ុយ ម៉ូរ៉ា ចៅសង្កាត់ទួលសង្កែទី២ លោក អ៊ុក ខេម៉ា និងមេភូមិ រួមជាមួយក្រុមយុវជនផងដែរ៕