(សៀមរាប)៖ កាកបាទក្រហមខេត្តសៀមរាប ប្រមូលថវិកាពីសប្បុរសជនបាន ជាង៦៣ម៉ឺនដុល្លារ និងអង្ករ១០តោន នៅថ្ងៃប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម លើកទី១៥៤​ នៅរោងមហោស្រព​រ៉ូសាណា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»

ពិធីនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប​។ ក្នុងនោះ ក៏មានការចូលរួមពី លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត, លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន ជាអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អង្គការដៃគូរជាច្រើននាក់ផងដែរ។

តាមរបាយការណ៍របស់លោកបណ្ឌិត ឃឹម ប៊ុនសុង បានគូសបញ្ជាក់​ថា ដើម្បីរួមចំណែកអនុវត្តសកម្មភាពស្រប ទៅនឹងទិសដៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រ​ហ​មកម្ពុជា គឺ​រួមចំណែកពន្លឿនការកាត់​បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និង​ការពារ​តម្លៃមនុស្សធម៌របស់ជនងាយ​រងគ្រោះ ​ក្រោមការដឹកនាំ​របស់​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គណៈកម្មាធិការសាខា គណៈកិត្តិយស​សាខាអនុសាខា រួមទាំងក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា បានខិតខំពុះពារបំពេញ​ភារកិច្ច​មនុស្សធម៌ សម្រេចបានលទ្ធផលស្របតាមវិស័យស្នូលទាំង៤ ក្នុងភូមិសាស្រ្តខេត្តសៀមរាប គិតពីខែឧសភា ឆ្នាំ២០១៦ ដល់ខែមេសាឆ្នាំ២០១៧នេះ  គ្រោះមហន្តរាយ និង​ឧបទ្ទវហេតុផ្សេងៗ បានកើតមានឡើងចំនួន១,៤៧៥ករណី មនុស្សរងគ្រោះ១២៩នាក់ ក្នុងនោះ​ស្លាប់​៦៧នាក់​។

លោក ឃឹម ប៊ុនសុង បានឲ្យដឹងថា គ្រួសារដែលបានទទួលអំណោយមនុស្សធម៌ដោយផ្ទាល់ពីសាខា​​​ អនុសាខាកាកបាទក្រហម ដោយរងគ្រោះ អគ្គីភ័យ ៦៥គ្រួសារ​​ (ស្លាប់ម្នាក់ របួសម្នាក់)​ ខ្យល់កន្រ្តាក់ចំនួន ១,២៨៣គ្រួសារ ក្នុងនោះរលំផ្ទះ​២៩៨ខ្នង របើក​​ដំបូល​​៩៨៥ខ្នង (របួស៣២នាក់​) ​រន្ទះបាញ់​ ៣៧នាក់ (ស្លាប់​១៤នាក់ របួស​២៣នាក់) ​លង់ទឹកស្លាប់​៤៧នាក់ និង​ឧបទ្ទវហេតុផ្សេងៗ ទៀតមាន​ ឃាតកម្ម ​អំពើហឹង្សា ​​គ្រាប់មិនទាន់ផ្ទុះ ឆក់ចរន្តអគ្គីសនី ខ្យល់គ និង​​ពុល​ផ្អ​កត្រីប្រៃ សរុប១១​នាក់ (ក្នុងនោះស្លាប់៥​នាក់ របួស​៦នាក់​) និង​គ្រួសារខ្វះស្បៀង អ្នកជំងឺអេដស៍ ចាស់ជរា​ គ្មាន​ទីពឹង ជនពិការ និងកុមាកំព្រាសរុប ៧៩១គ្រួសារផងដែរ។
 
ជាមួយគ្នានោះ ​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់  ក៏​គូសបញ្ជាក់នូវខ្លឹមសារ អត្ថន័យ នៃសេចក្តីថ្លែងការរបស់​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនដល់ជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៤ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជាមាន គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» ក្នុងការលើកកម្ពស់ នៃការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ ទៅក្នុងស្រទាប់ប្រជាពលរដ្ឋ សាខា  អនុសាខាកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវអនុវត្តឲ្យកាន់តែបានទូលំទូលាយបន្ថែមទៀត នូវរាល់ គោលការណ៍គ្រឹះទាំង៧ នៃចលនាកាកបាទក្រហមកម្ពុជា ឲ្យកាន់តែចូលជ្រៅដល់ប្រជាពលរដ្ឋ និង​មហាជន​។

​ឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា ​អំពីបញ្ហាគ្រោះធម្មជាតិ ដែលបានកំពុងគំរាមកំហែងនៅលើភពផែនដី និង​បានកំពុងធ្វើឲ្យផែនដី​ មានការប្រែប្រួលអាកាសធាតុ ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យបរិស្ថាននៃការរស់នៅ​របស់មនុស្ស សត្វ រុក្ខជាតិ មានការជួបប្រទះ ក៏ដោយការបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យភពផែនដី មានការកើនឡើងនូវរលកកម្តៅ ​ព្រមទាំងធ្វើប្រទេសមួយចំនួន ជួបនូវគ្រោះមហន្តរាយ ដោយគ្រោះធម្មជាតិ​។ និយាយ ដោយឡែកនៅកម្ពុជា ក៏បានមានបណ្តាខេត្តមួយចំនួន សំខាន់នៅក្នុងខេត្តសៀមរាប នៅតាមក្រុង ស្រុក ឃុំ សង្កាត់មួយចំនួន បានជួបរងនូវ គ្រោះធម្មជាតិ ដោយខ្យល់កន្ទ្រាក់ រន្ទះបាញ់ ដែលធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋបាក់រលំ បើងដំបូល និង​មានរងរបួស ស្លាប់ ដល់មនុស្ស និង សត្វពាហនៈទៀតផង​។

ប្រធានក្រុមការងារចុះជួយខេត្តសៀមរាបរូបនេះ បន្តទៀតថា រាល់បញ្ហាទាំងនេះ ត្រូវប្រមុខរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្រុង ស្រុក និង សាខាកាកបាទក្រហម កម្ពុជាខេត្ត បានចុះជួយធ្វើអន្តរាគមបានទាន់ពេលវេលា ដោយមិនទុកឲ្យបងប្អូនណាម្នាក់រងគ្រោះ ស្លាប់ដោយឥត អត់អាហារនោះឡើយ។

បើតាមឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ​ការរៀបចំទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមនេះឡើង ក្នុងការកៀគរមូលនិធិ សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជា ក្នុងការធ្វើសកម្មភាពរបស់សាខាកាកបាទក្រហមខេត្តសៀមរាប ក្នុងឆ្នាំ២០១៧ និង​បានសំណូមពរឲ្យគ្រប់បណ្តាមន្ទីរ អង្គភាព កម្លាំងប្រដាប់អាវុធគ្រប់កងឯកភាព ក៏ដូចបងប្អូនសប្បុរសជន និងអង្គការដៃគូរទាំងអស់ ចូលរួមសហការគ្នា លើការងារសកម្មភាពចលនាមនុស្សធម៌ ក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងខេត្តសៀមរាប ឲ្យបានទាន់ពេលវេលាផងដែរ​។
ក្នុងពិធីនោះដែរ ទាំងព្រះសង្ឃ ​លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ បងប្អូនសប្បុរសជន ក៏បានចូលរួមបរិច្ចាកបច្ច័យ ថវិកា ជួយដល់សាខាកាកបាទក្រហមខេត្តសៀមរាប សរុបចំនួន ៦៣៥,៨៨៩ដុល្លារ និង​សម្ភារៈមួយចំនួន ដើម្បីជាទុនក្នុងការយកទៅ ធ្វើសកម្មភាពជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងខេត្ត ក៏ដូចបណ្តាខេត្តផ្សេងៗ ដែលទទួលរង​គ្រោះ ដោយមិនបានប្រកាន់បក្ខពួក ពូជសាសន៍ ពណ៌សម្បុល និង​និន្នាការនយោបាយណាមួយឡើយ​៕